Saturday, September 21, 2024
Homeព័ត៌មានជាតិបើកឡានធ្លាក់ប្រឡាយ​ តៃកុងលង់ទឹកស្លាប់

បើកឡានធ្លាក់ប្រឡាយ​ តៃកុងលង់ទឹកស្លាប់

ខេត្តក្រចេះ ៖ រថយន្តដឹកជញ្ជូនដើមស្វាយចន្ទី និងដើមកៅស៊ូ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន លុះដល់ផ្លូវបត់កោង មិនបង្អង់ ល្បឿន ធ្វើឱ្យបាត់បង់ម្ចាស់ការ ក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យបុរស ជាតៃកុងស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍រថយន្តជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹក ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ 78A ត្រង់ចំណុច គីឡូម៉ែត្រលេខ១០២-១០៣ ក្នុងទិសដៅពីស្រុកស្នួល ខេត្តក្រចេះ ទៅស្រុក កែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះតិ ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ រស់នៅភូមិ១០០ខ្នង (អន្លង់ជ្រៃ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ជាអ្នកស៊ីឈ្នួលបើកបររថយន្ត សាំយ៉ុងកែច្នៃ ពណ៌ស គ្មានស្លាកលេខ ដើរទិញដើមស្វាយចន្ទី ឬដើមកៅស៊ូដើម្បីដឹក ជញ្ជូនយកទៅលក់នៅស្រុកមេមត់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានបើកបររថយន្តខាងលើ ក្នុងល្បឿនយ៉ាងលឿន លុះពេលបើក រថយន្តមកដល់ចំណុចកើតហេតុខាងលើ ដែលមានស្ថានភាពផ្លូវបត់កោង ជនរងគ្រោះមិនបង្អង់ល្បឿន ក៏ធ្វើឱ្យបាត់បង់ម្ចាស់ការ រេចង្កូតជ្រុល ធ្លាក់ចូលប្រឡាយទឹកជ្រៅខាងស្តាំដៃ បណ្តាលឱ្យស្លាប់បាត់ជីវិតភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងអធិការដ្នាននគរបាលចរាចរណ៍ស្រុកស្នួលក៏បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា ករណីគ្រោះថ្នាក់នេះពិតជាបង្កឡើងដោយខ្លួនឯងមែន ដោយសារតែការបើកបរមានការធ្វេសប្រហែស ក្នុងស្ថានភាពផ្លូវកោង។

ក្រោយស្រង់មកលើគោករួច រថយន្តសាំយ៉ុងកែច្នៃគ្មានស្លាកលេខមួយគ្រឿងនេះត្រូវបានសមត្ថកិច្ច ជំនាញយកមករក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកស្នួល។ រីឯសាកសពត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រុកស្នួល ដឹកយកទៅប្រគល់ឱ្យសាច់ ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES