Saturday, September 21, 2024
Homeព័ត៌មានជាតិបូមសាំងក្បែរចង្ក្រាន ឆាបឆេះផ្ទះហ្មត់

បូមសាំងក្បែរចង្ក្រាន ឆាបឆេះផ្ទះហ្មត់

ភ្នំពេញ ៖ ផ្ទះជាងជួសជុលម៉ូតូ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ រងការខូចខាតធ្ងន់ ខណៈពេលដែល ម្ចាស់បូមសាំង ចេញពីប៊ីដុង ដាក់ចូលដប ទុកលក់ នៅក្បែរភ្លើងចង្ក្រានដាំបាយ បណ្តាលឲ្យឆាបឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចបន្ទប់ជួល  ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បន្ទប់ជួលដែលត្រូវភ្លើងឆេះ  ធ្វើពីថ្ម មានទំហំប្រមាណ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ មានម្ចាស់ឈ្មោះឈីន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាជាងជួលជុលម៉ូតូ។

តាមប្រភពពីម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបូមសាំងចេញពីប៊ីដុង ចំណុះ២០លីត្រ ដើម្បីដាក់ចូលដបចំណុះ​ ១លីត្រៗ ទុកលក់ ខណៈនោះ មានគេមកជួលជុលម៉ូតូ ទើបគាត់បានក្រោកចេញទៅសួរនាំ និងនិយាយថ្លៃ ទាំងភ្លេចខ្លួន ធ្វើឱ្យសាំងពេញហៀរ ឆាបជាមួយភ្លើងចង្ក្រាន ធ្វើឱ្យឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលទៅឆេះម៉ូតូ ចំនួន២គ្រឿងនៅក្នុងផ្ទះ ព្រមទាំងគ្រឿងម៉ូតូ ជាច្រើនទៀត។

លោកយាយ ហ៊ុល ស្រីម៉យ អាយុ៧៦ឆ្នាំ ត្រូវជាម្តាយរបស់ជាងជួលជុលម៉ូតូខាងលើ បានរៀបរាប់ប្រាប់ថា នៅព្រឹកនោះ គាត់បើកហ្គាស់ដាំបាយ លុះពេលបាយឆ្អិន គាត់ក៏បានដើរទៅបិទហ្គាស់វិញ ស្រាប់តែភ្លើងបានឆាបឆេះជាមួយសាំង ធ្វើឱ្យកើតមានអណ្តាតភ្លើងឆេះ ពេញបន្ទុក ធ្វើឱ្យគាត់ស្រឡាំងកាំង រត់ទៅណាមិនរួច សំណាងល្អត្រូវបានអ្នកភូមិស្ទុះមកទាញគាត់ចេញទាន់។

ភ្លាមៗនោះ នៅពេលដែលមានភ្លើងឆេះរាលដាល ប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ ទប់ស្កាត់ដែរ តែមិនអាចគ្រប់គ្រងបាន ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច និងខាងជំនាញអគ្គិភ័យ មកជួយអន្តរាគមន៍ភ្លាមៗ។

នៅក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បានចុះមកដល់ និងជួយបាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ ១រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

តាមប្រភពពីសមត្ថកិច្ច ហេតុការណ៍ខាងលើ បានបង្កឱ្យម៉ូតូ ចំនួន២គ្រឿង ត្រូវភ្លើងឆេះ ក្នុងនោះ ១គ្រឿង រងការខូចខាតទាំងស្រុង រួមជាមួយគ្រឿងម៉ូតូ និងសម្ភារ:មួយចំនួនទៀត ត្រូវភ្លើងឆេះ រងការខូចខាតផងដែរ។ ចំណែកជាងជួសជុលម៉ូតូ ត្រូវភ្លើងឆេះសក់ និងរលាកបន្តិចបន្តួច ខណៈពេលដែលចូលទៅយករបស់របរ និងពន្លត់ភ្លើង៕

RELATED ARTICLES