Saturday, September 21, 2024
Homeព័ត៌មានជាតិកាប់គេដាច់ដៃ រត់គេច៥ថ្ងៃ ជាប់ខ្នោះ

កាប់គេដាច់ដៃ រត់គេច៥ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារទៅលើបុរសម្នាក់ ដែលជាគូទំនាស់១កាំបិតប៉័ងតោ បណ្តាលឱ្យដាច់កដៃម្ខាង រងរបួសយ៉ាងធ្ងន់ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ឯខេត្តព្រះសីហនុ រួចបានព្យាយាមរត់គេចមកលាក់ខ្លួននៅឯរាជធានីភ្នំពេញ បាន ៥ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា កាប់គូទំនាស់ដាច់ដៃនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រហូតមកដល់វេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនដៃដល់បាន នៅចំណុចភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល។

ជនដៃដល់ដែលកាប់គូទំនាស់ដាច់ដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវង្ស វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះ មានឈ្មោះជឿន ជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅជាមួយគ្នា (រងរបួសដាច់កដៃឆ្វេងម្ខាង) កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សាមួយ បានកើតឡើង រវាងកម្មករសំណង់ដូចគ្នា ដែលបង្កឡើងដោយជនសង្ស័យឈ្មោះវង្ស វាស្នា បានយកកាំបិតបុង័តោ កាប់ទៅលើជនរងគ្រោះឈ្មោះជឿន ជាតិ បណ្តាលឱ្យដាច់កដៃឆ្វេង និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនសង្ស័យឈ្មោះវង្ស វាស្នា ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

រហូតមកដល់វេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យឈ្មោះវង្ស វាស្នា នៅចំណុចភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល។

យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ ឈ្មោះវង្ស វាស្នា បានឱ្យដឹងថា រវាងរូបគេ និងជនរងគ្រោះឈ្មោះជឿន ជាតិ ធ្លាប់កើតមានជម្លោះនឹងគ្នាពីមុនមក ដោយសារតែជនរងគ្រោះ ចេះតែតាមរករឿង ឌឺដងដាក់ខ្លួនរហូត ប៉ុន្តែខ្លួនមិនដែលបានតបតអ្វីនោះឡើយ ហើយថែមទាំងគេចចេញពីជនរងគ្រោះទៀតផង ដោយចេញពីភ្នំពេញ មកធ្វើការសំណង់នៅខេត្តព្រះសីហនុ ស្រាប់តែក្រោយមក ជនរងគ្រោះ បានមកខេត្តព្រះសីហនុ ធ្វើការនៅក្នុងការដ្ឋានសំណង់ជាមួយខ្លួនទៀត ហើយក៏បន្តរករឿង ឌឺដង ផ្លែផ្កាដាក់ខ្លួនដដែល ប៉ុន្តែខ្លួននៅមិនតបតដដែល។

ជនសង្ស័យ បានសារភាពបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានមករករឿងខ្លួនមុន និងចេះតែរកវាយខ្លួនរហូត ជាហេតុធ្វើឱ្យរូបគេទប់ចិត្តមិនបាន ក៏ទាញកាំបិតប៉័ងតោ (កាំបិតទុកធ្វើម្ហូប) មកកាប់ទៅលើជនរងគ្រោះ ១កាំបិត បណ្តាលឱ្យដាច់កដៃម្ខាង រួចហើយខ្លួនក៏បោះកាំបិតចោល រត់គេចមកសម្ងំលាក់ខ្លួននៅភ្នំពេញ បាន៥ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យ បានបន្តថា កាំបិតប៉័ងតោដែលខ្លួនកាប់ទៅលើជនរងគ្រោះនោះ គឺជាកាំបិត សម្រាប់ធ្វើម្ហូបធម្មតាប៉ុណ្ណោះ តែឆ្ងល់ថា ហេតុអ្វីបានជាមុតខ្លាំងយ៉ាងនេះ?

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES