Saturday, September 21, 2024
Homeព័ត៌មានជាតិចោរកាច់កម៉ូតូ ខឹងគេស្រែក បាញ់១គ្រាប់

ចោរកាច់កម៉ូតូ ខឹងគេស្រែក បាញ់១គ្រាប់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ កំពុងធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង តែមិនទាន់បានសម្រេចផង ក៏ត្រូវបានគេប្រទះឃើញ ស្រែកឆោឡោ ក៏ព្យាយាមជិះដឹកគ្នារត់គេច ស្រាប់តែត្រូវអ្នកដឹកជញ្ជូនម្នាក់ ព្យាយាមដេញតាម ធ្វើឲ្យជនសង្ស័យផ្ទុះកំហឹង បានដកកាំភ្លើងបាញ់សំដៅអ្នកដឹកជញ្ជូន ១គ្រាប់ តែសំណាងល្អមិនត្រូវ រួចក៏រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងក្រោយសាលាសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពពីជនរងគ្រោះដែលត្រូវជនសង្ស័យបាញ់នោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានដឹកម្ហូបឱ្យគេ នៅម្តុំក្រោយសាលាសន្ធរម៉ុក លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពកាច់កម៉ូតូរបស់គេ ទើបគាត់បានស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យបានរត់ឡើងជិះម៉ូតូបក្ខពួកគេ រត់គេចខ្លួន តែភ្លាមនោះ គាត់ក៏ព្យាយាមដេញតាម ទើបត្រូវជនសង្ស័យ បានដកកាំភ្លើងពីចង្កេះ បាញ់សំដៅរូបគាត់ ១គ្រាប់ តែសំណាងល្អ មិនត្រូវ ហើយគាត់ភ័យពេក ក៏ផ្តួលម៉ូតូចោល ប្រញាប់រត់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ។ ចំណែកជនសង្ស័យ បានប្រញាប់ជិះរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុ និងបានរើសយកសំបកគ្រាប់កាំភ្លើងនោះ ទៅទុក ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោស ដោយមានជនរងគ្រោះ មកដាក់ពាក្យបណ្តឹងផងដែរ៕

RELATED ARTICLES