Saturday, September 21, 2024
Homeព័ត៌មានជាតិគប់បងថ្លៃរយះដៃ ថាអារដៃខ្លួនឯង

គប់បងថ្លៃរយះដៃ ថាអារដៃខ្លួនឯង

ខេត្តស្វាយរៀង ៖ បុរស ២នាក់ ត្រូវជាបងប្អូនថ្លៃ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីបងថ្លៃ បានទាញឥដ្ឋការ៉ូ ១ដុំ គប់សំដៅបងថ្លៃ​ចំដៃ បណ្តាលឱ្យមុតរយះហូរឈាម លុះសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនបង្កហេតុជាប្អូនថ្លៃ បែរជាចោទថា បងថ្លៃ ជាអ្នករើសឥដ្ឋការ៉ូ យកមកអារដៃខ្លួនឯង បណ្តាលឱ្យរបួស។

ករណីហិង្សាដោយចេតនា រវាងបងប្អូនថ្លៃនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិអណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ ថាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ អណ្តូងក្រសាំង ឃុំពងទឹក  ស្រុករំដួល  (ត្រូវជាប្អូនថ្លៃ)។ ចំណែកជនរងគ្រោះ មានឈ្មោះពៅ  សារ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិ កើតហេតុខាងលើជាមួយគ្នា រងរបួសមានស្នាមដាច់រយះកំភួនដៃខាងឆ្វេង (ត្រូវជាបងថ្លៃ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ៅ ថាន សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមទូរស័ព្ទថា មានករណីហិង្សាដែលបង្កឡើងដោយប្អូនថ្លៃឈ្មោះម៉ៅ ថាន បានយកឥដ្ឋការ៉ូ គប់មកលើខ្លួន (ជនរងគ្រោះ) ដែលត្រូវជាបងថ្លៃ បណ្តាលឱ្យរយះដៃ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ  សមត្ថកិច្ចបានចុះទៅនាំខ្លួន ជនសង្ស័យ មកប៉ុស្តិ៍រដ្ឋបាលពងទឹក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនមិនបានកាប់បងថ្លៃឱ្យរងរបួសនោះទេ គ្រាន់តែយកឥដ្ឋការ៉ូ មកគប់ជនរងគ្រោះ ហើយជនរងគ្រោះ បានរើសយកឥដ្ឋការ៉ូនោះ មកអារដៃខ្លួនឯង។ មូលហេតុផ្តើមចេញពីទំនាស់ក្នុងរង្វង់គ្រួសារ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES