នៅវ័យគ្រប់ការ (ពេញក្រមុំ) ស្ដ្រីតែងតែមានការធ្លាក់ឈាមរដូវ ជារៀងរាល់ខែ ដែលខុសពីបុរស គ្មានឈាមរដូវ។ ការមករដូវនេះ គឺជាលក្ខណៈសម្គាល់សុខភាពរបស់នារី ហើយការមករដូវនេះ មានលក្ខណៈស្រដៀងគ្នាទាំងអស់ គឺមកជារៀងរាល់មួយខែម្ដងៗ មានរយៈពេល ពី៣ទៅ៤ថ្ងៃ ឬមួយសប្ដាហ៍។ ចំពោះស្ដ្រីខ្លះ រដូវមិនសុទ្ធតែមកជាទៀងទាត់រាល់ខែទាំងអស់នោះទេ។ ការមករដូវមិនទៀងទាត់នេះ មានបញ្ហាខ្លះ ចាត់ទុកថាវាជារឿងធម្មតា។ ប៉ុន្ដែក៏មានបញ្ហាខ្លះទៀត ជារឿងមិនមែនធម្មតា ដែលស្ដ្រីត្រូវយល់ដឹង និងប្រុងប្រយ័ត្នចំពោះសុខភាព។
និយមន័យ រដូវទៀង និងរដូវមិនទៀង ៖ ជាធម្មតា ឈាមរដូវធ្លាក់មករៀងរាល់ខែ ខួបរដូវ ជាមធ្យម ២៨ថ្ងៃ គឺនៅចន្លោះគម្លាតពី២១ ទៅ៣៥ថ្ងៃ ហើយរដូវ មានរយៈពេល ៣ ទៅ៤ថ្ងៃ។ ឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ ២៨ថ្ងៃ រៀងរាល់ ២៨ថ្ងៃ គាត់មករដូវម្ដង ឬ៣០ថ្ងៃ មកម្ដង។ នៅខែក្រោយ រដូវគាត់មកមុន ២ថ្ងៃ ឬលើសពី២ថ្ងៃ នោះមិនជាបញ្ហាអ្វីទេ។ ករណីនេះ ស្ដ្រីមិនបាច់មានការព្រួយបារម្ភទេ។ ករណីខួបរដូវ មកលើសពី៣៥ថ្ងៃ ឬតិចជាង២១ថ្ងៃ យើងហៅថា រដូវមិនទៀង។ ការធ្លាក់ឈាមរដូវ មានច្រើនបែប ច្រើនសណ្ឋាន។ ស្ដ្រីត្រូវដឹងថា រដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿងធម្មតា និងរដូវមិនទៀងប្រភេទណាដែលយើងចាត់ទុកថា ជារឿងមិនធម្មតា។
– ការធ្លាក់ឈាមរដូវ នៅពាក់កណ្ដាលខែ ៖ ស្ដ្រីមានធ្លាក់ឈាមតិចៗ រយៈពេល ១ទៅ៣ថ្ងៃ នៅពាក់កណ្ដាលខួបរដូវ ហាក់ដូចជារដូវធ្លាក់១៥ថ្ងៃម្ដង។ ការណីនេះ ពុំចាំបាច់ធ្វើការព្យាបាលទេ នោះចាត់ទុកថា រដូវមកទៀងធម្មតាទេ តែប្រសិនបើធ្លាក់ឈាមច្រើន ត្រូវធ្វើការព្យាបាល។
– ការធ្លាក់ឈាម មុនពេលមករដូវ ៖ ស្ដ្រីមករដូវនៅថ្ងៃទី១ ប៉ុន្ដែនៅថ្ងៃទី២៤ មានធ្លាក់ឈាមរដូវ។ ករណីនេះ បើឈាមរដូវមកតិចៗ ហើយមានពណ៌ក្រហមក្រមៅ ក៏មិនមានបញ្ហាអ្វីព្រួយបារម្ភទេ។ ផ្ទុយទៅវិញ បើឈាមនោះមានធ្លាក់ច្រើន យើងគួរទៅជួបជាមួយគ្រូពេទ្យជំនាញ។
ប្រភេទនៃរដូវមិនទៀង ៖ មានកត្ដាមួយចំនួន ដែលធ្វើឱ្យរដូវស្ដ្រី មកមិនទៀងទាត់ ៖
-ការទទួលទានអាហារមិនគ្រប់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរដូវ។
-ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រីមកមិនទៀងទាត់បានដែរ។ ម្យ៉ាងទៀត រដូវមិនទៀង អាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។
ខាងក្រោមនេះ ជាប្រការដែលរដូវស្ដ្រីមកមិនទៀង មានលក្ខណៈមិនធម្មតា ដែលស្ដ្រីគួរមានការកត់សម្គាល់ផងដែរ ៖
– រដូវធ្លាក់ញាប់ ៖ ខួបរដូវខ្លី ការមករដូវ មានរយៈពេលពី១៨ ទៅ២១ថ្ងៃម្ដង តែចំណុះឈាមរដូវ មកប៉ុនគ្នា ហើយរយៈពេល ៣ ទៅ៤ថ្ងៃ ក៏ដូចគ្នាដែរ។ លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្យាបាល។
– រដូវរង្វើល ៖ គឺខួបរដូវលើសពី ៣៥ថ្ងៃ វាអាចមាន ៤៥ថ្ងៃ ទើបមករដូវម្ដង។ អ្នកខ្លះ ៣ឬ៤ខែ ទើបរដូវមកម្ដង តែមករដូវ មានរយៈពេល ៣ទៅ៤ថ្ងៃ ដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាលទេ នេះគ្រាន់តែខួបរដូវមានរយៈពេលវែងប៉ុណ្ណោះ តែវាមានផលវិបាកបន្ដិច ត្រង់ថា ពិបាកក្នុងការបង្កកំណើត (ពិបាកឱ្យមានកូន)។
– រដូវមកច្រើន ៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំង។ ករណីនេះ ស្ដ្រីច្រើនតែកើតមានជំងឺសរីរាង្គប្រដាប់បន្ដពូជ ដូចជា ជំងឺស្បូន ជុំងឺមហារីក ជាដើម ដូច្នេះ ស្ដ្រីត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
– ឈាមរដូវធ្លាក់មិនស៊ីសង្វាក់គ្នា ៖ ក្នុងមួយខែ ធ្លាក់ឈាមរដូវ ៣ទៅ៤ដង ករណីនេះ ច្រើនតែកើតមាននៅលើស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រីនៅវ័យក្មេង ក៏អត់មានបញ្ហាដែរ។ ប៉ុន្ដែចំពោះស្ដ្រីវ័យចំណាស់ អាចមានជំងឺដុំសាច់ក្នុងស្បូន ឬជំងឺមហារីក។
រដូវមិនទៀង ពេលចូលវ័យអស់រដូវ ៖ ជាធម្មតា ស្ដ្រីអស់រដូវ នៅវ័យចាប់ពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។ ប្រសិនបើស្ដ្រីមករដូវមិនទៀង រដូវរបស់គាត់មកក្នុង ១ខែ ពី២ទៅ៣ដង នៅវ័យជិតអស់រដូវ ។ ករណីនេះ គាត់អាចនឹងមានជំងឺសរីរាង្គបន្ដពូជដែរ ត្រូវទៅជួបគ្រូពេទ្យជំនាញ។ លក្ខណៈសម្គាល់ថា ស្ត្រីអស់រដូវ លុះត្រាតែអស់រដូវមួយឆ្នាំពេញ ទើបហៅថាអស់រដូវមែនទែន។
ប្រការគួរយល់ដឹង ៖ ប្រសិនបើយុវនារីអាយុ២០ឆ្នាំ មានវ័យគ្រប់ការហើយ តែគ្មានរដូវ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល។ បញ្ហាដែលនឹងអាចកើតឡើង គឺអាចមានបញ្ហាដូចជា ជំងឺស្បូនតូច (ស្បូនតូច មិនអាចបង្កើតជារដូវបាន), សន្ទះព្រហ្មចារីបិទជិត (គ្មានរន្ធ), ជំងឺមហារីកសរីរាង្គបន្ដពូជផ្សេងៗ ជាដើម។ ជួនកាល វាអាចធ្វើឱ្យនារីមានការធ្លាក់ឈាម តែវាមិនមែនជាឈាមរដូវទេ។ បើមានករណីបែបនេះ គួរប្រញាប់រូតរះទៅជួបគ្រូពេទ្យជំនាញខាងរោគស្ដ្រី។
ដំបូន្មាន ៖ ស្ដ្រីទាំងឡាយ នៅពេលមានអាការមិនធម្មតា ដូចបានជម្រាបខាងលើ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឱ្យបានទាន់ពេលវេលា។
(ប្រភពមន្ទីរពេទ្យកាល់ម៉ែត)