មន្ត្រីអាមេរិកម្នាក់បានប្រាប់បណ្តាញសារព័ត៌មានស៊ីអិនអិន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកញ្ញាឆ្នាំ២០២២បានអោយដឹងថា យន្តហោះចម្បាំង F-15 សហរដ្ឋអាមេរិកបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើក របស់អ៊ីរ៉ង់ដែលហាក់ដូចជាកំពុងហោះឆ្ពោះទៅរកកងកម្លាំងសហរដ្ឋអាមេរិកនៅទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ ។
គ្មានការស្លាប់ឬការខូចខាតណាមួយត្រូវបានរាយការណ៍ក្នុងចំណោមកងកម្លាំងឬឧបករណ៍របស់សហរដ្ឋអាមេរិកទេហើយក៏មិនមានការអត្ថាធិប្បាយពីអាជ្ញាធរអ៊ីរ៉ង់លើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកទេ។
កងកម្លាំងសហរដ្ឋអាមេរិកបានបាញ់យន្តហោះនេះ បន្ទាប់ពីបានតាមដានមីស៊ីលផ្លោងរយៈចម្ងាយខ្លីរាប់សិប គ្រាប់របស់អ៊ីរ៉ង់ដែលឆ្ពោះទៅកាន់ទីតាំងជនជាតិឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ។នេះបើយោងតាមមន្ត្រីអាមេរិកពីររូបផ្សេងទៀត។ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក លោក Joe Buccino បាននិយាយថា នៅម៉ោងប្រហែល២និង១០នាទីរសៀល ម៉ោងក្នុងស្រុកកងកម្លាំងអាមេរិកបានទម្លាក់ យន្តហោះគ្មានមនុស្សបើកប្រភេទ Mojer-6 របស់អ៊ីរ៉ង់ ដែលកំពុង ហោះហើរឆ្ពោះទៅកាន់ទីក្រុង Erbil ដែលជាការគំរាមកំហែងដល់កងកម្លាំងអាមេរិក CENTCOM នៅក្នុងតំបន់។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងកាំភ្លើងធំប្រឆាំងនឹងអ្វីដែលទីក្រុងតេហេរ៉ង់និយាយថាជាមូលដ្ឋានរបស់ក្រុមប្រដាប់អាវុធនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់៕