មន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារថ្មីៗនៅក្នុងតំបន់មួយចំនួននៅក្នុងទីក្រុងគៀវ ដោយប្រើយន្តហោះគ្មានមនុស្សបើកប្រភេទkamikaze ផលិតដោយប្រទេសអ៊ីរ៉ង់។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Makariv ដែលជាទីក្រុងតូចមួយនៅភាគខាងលិចទីក្រុងគៀវ ត្រូវបានបំផ្លាញបន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៣គ្រឿងកាលពីថ្ងៃព្រហស្បតិ៍។
លោក Andriy Nebytov ប្រធានប៉ូលីសប្រចាំតំបន់ Kyiv បាននិយាយនៅលើ Telegram ថា មានការទម្លាក់គ្រាប់ដោយយន្តហោះគ្មានមនុស្សបើកពេញមួយយប់លើសហគមន៍ Makariv។លោកបានបន្តថារហូតមកដល់ពេលនេះមិនមានអ្នករងគ្រោះត្រូវបានគេរាយការណ៍ទេ។
ហ្សេឡិនស្គីទទូចសុំប្រព័ន្ធការពារដែនអាកាស
ខណៈការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបន្តដល់ថ្ងៃទីបួន ប្រធានាធិបតី ហ្សេឡិនស្គីបានរំលឹកឡើងវិញនូវការអង្វររបស់លោកសម្រាបជំនួយប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។លោកបាននិយាយថាទីក្រុងគៀវមានព័ន្ធការពារដែនអាកាសប្រហែល១០% ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់ទីក្រុងម៉ូស្គូ។
ក្នុងអំឡុងពេលសុន្ទរកថាតាមរយៈវីដេអូនៅឯសម័យប្រជុំសភានៃក្រុមប្រឹក្សាអឺរ៉ុបលោក ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាយើងកំពុងប្រយុទ្ធប្រឆាំងនឹងប្រទេសដ៏ធំមួយដែលមានឧបករណ៍ច្រើន និងមីស៊ីលជាច្រើន។
ណាតូយល់ព្រមផ្តល់ជំនួយការពារដែនអាកាសដល់អ៊ុយក្រែន
អគ្គលេខាធិការនៃសម្ព័ន្ធមិត្តយោធាដែលមានសមាជិក៣០
ប្រទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូនឹងផ្តល់ជំនួយការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន។
លោក Jens Stoltenberg បាននិយាយនៅក្នុងសន្និសីទ
សារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកLloydAustinនៅមុនថ្ងៃនៃការជួបជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនៅទីក្រុងព្រុចសែល។
Stoltenbergបានប្រកាសនៅក្នុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីបានយល់ព្រម ផ្តល់ជំនួយការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន
លោកបានបញ្ជាក់ជាថ្មីយើងនឹងឈរនៅក្បែរអ៊ុយក្រែនឲ្យបានយូរតាមដែលប្រទេសនេះត្រូវការ។
ប្រធានាធិបតីតួកគីសន្យាជំរុញឱ្យមានសន្តិភាពរវាងរុស្ស៊ី–អ៊ុយក្រែន
លោកអេដូហ្គេនប្រធានធិបតីតួកគីបាននិយាយថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើអោយមានសន្តិភាព រវាងរុស្ស៊ីនិង អ៊ុយក្រែន ទោះបីជាមានការលំបាកនៅលើសមរភូមិក៏ដោយ។
មេដឹកនាំតួកគីបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្មនិងវិធានការកសាងទំនុកចិត្តនៅអាស៊ីថាគោលដៅរបស់យើងគឺដើម្បីបន្តសន្ទុះដែលសម្រេចបាននិងបញ្ចប់ការបង្ហូរឈាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កិច្ចប្រជុំកំពូលនេះកំពុងធ្វើនៅរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន។
លោកបាននិយាយសំដៅលើកិច្ចព្រមព្រៀងដែលតួកគីធ្វើជាអាជ្ញាកណ្តាលអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិ និងនាំឱ្យមានការផ្លាស់ប្តូរអ្នកទោសរវាងអ៊ុយក្រែន និងរុស្ស៊ី។
លោកបានបន្ថែមថាយើងទាំងអស់គ្នាកំពុងជួបប្រទះយ៉ាងជិតស្និទ្ធនូវផលប៉ះពាល់នៃវិបត្តិនៅអ៊ុយក្រែនក្នុងកម្រិតតំបន់ និងសកលលោក។ខ្ញុំតែងតែនិយាយថា សន្តិភាពមួយអាចបង្កើតបានដោយការទូតថាគ្មានអ្នកឈ្នះក្នុងសង្គ្រាមនិងគ្មានអ្នកចាញ់ក្នុងសន្តិភាពសមធម៌ទ៕