បន្ទាប់ពីលោកស្រីលីសត្រាស់ (Liz Truss) ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីភ្លាមមានបេក្ខជនជាច្រើន បាន ចេញមុខមកប្រកួតប្រជែងដើម្បីស្នងតំណែងលោកស្រីដែលក្នុងនោះមានទាំងអតីតនាយករដ្ឋមន្ត្រីលោកបូរីសចនស៊ុនផដែរ។ក្នុងចំណោមបេក្ខជនទាំងនោះមានតែបេក្ខជន៤រូបប៉ុណ្ណោះដែលត្រូវបានគេមើលឃើញថាមានអាទិភាពខ្ពស់ក្នុងការទទួលបានតំណែងនេះ។ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវធ្វើឡើងថ្ងៃទី២៨ខែតុលានេះ។នាយករដ្ឋមន្ត្រីថ្មីនឹងក្លាយជានាយករដ្ឋមន្ត្រីទី៥នៃចក្រភពអង់គ្លេសក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។បេក្ខជន៤រូបទាំង៤រូបនោះរួមមាន៖
១–លោកRishi Sunak
លោកRishi Sunakអតីតជារដ្ឋមន្ត្រីហិរញ្ញ
វត្ថុអង់គ្លេស។លោកហក់ចូលសង្វៀននាយករដ្ឋមន្ត្រីម្តងរួចមកហើយដើម្បីជំនួសលោកបូរីសចនស៊ុនហើយបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រប្រជែងជាមួយនឹងលោកស្រីត្រាស់ដោយទទួលបានការគាំទ្រច្រើនបំផុតពីសមាជិកសភាអភិរក្សនិយម។
ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោកបានព្រមានថា ផែនការពន្ធរបស់លោកស្រីត្រាស់នឹងធ្វើឱ្យខូចសេដ្ឋកិច្ច ប៉ុន្តែសាររបស់លោកបានបរាជ័យក្នុងការអំពាវនាវដល់សមាជិកបក្សហើយលោកបានចាញ់លោកស្រីត្រឹមតែសំឡេង២១០០០។លោកSunakមានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដោយបានដឹកនាំចក្រភពអង់គ្លេសឆ្លងកាត់ការរាតត្បាត កូវីដ-១៩ ។
២–លោកបូរីស ចនស៊ុន
អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានលាលែងពីតំណែងកាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីមានរឿងអាស្រូវច្រើនមានបំណងចូលរួមប្រកួតប្រជែងយកកៅអីនាយករដ្ឋមន្ត្រីត្រឡប់មកវិញខណៈ ក្រុមអ្នកគាំទ្ររបស់លោកក៏ជំរុញឱ្យផងដែរ។អតីតនាយករដ្ឋមន្ត្រីវ័យ៥៨ឆ្នាំរូបនេះនៅតែមានប្រជាប្រិយភាពគួរសមដែរ។
៣–លោក Ben Wallace
លោកគឺជារដ្ឋមន្ត្រីការពារជាតិហើយត្រូវបានគេមើលឃើញសក្តិសមបំផុតសម្រាប់តំណែងនេះ។លោក Wallace បានទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ខណៈដែលចក្រភពអង់គ្លេសបានធ្វើការសម្រេចចិត្តដំបូងក្នុងការគាំទ្រដល់ទីក្រុងគៀវ ជាមួយនឹងអាវុធ និងការហ្វឹកហ្វឺន។
៤- លោកស្រី Penny Mordaunt
លោកស្រី Penny Mordaunt អតីតរដ្ឋមន្ត្រីការពារជាតិ និងជាអ្នកគាំទ្រដ៏ខ្លាំងម្នាក់ដែល ចង់ឱ្យចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ ប្រជាប្រិយភាព នៅក្នុងបក្សអភិរក្សនិយម មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយលោកស្រីបានជំនួសកន្លែងលោកស្រី ត្រាស់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងការឆ្លើយតបទៅនឹង សំណួររបស់សមាជិកសភាអង់គ្លេសមកពីគណបក្សប្រឆាំងស្ដីពីវិបត្តិសេដ្ឋកិច្ច។
គួររំឭកថានាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីលីស ត្រាស់( Liz Truss )បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអង្គុយកៅអីនាយករដ្ឋមន្ត្រីបានត្រឹមតែ៤៥ ថ្ងៃប៉ុណ្ណោះ។ លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពីលោក George Canning ដែលកាន់តំណែងរយៈពេល១១៩ថ្ងៃមុនពេលទទួលមរណភាពនៅឆ្នាំ ១៨២៧។
ការលាលែងរបស់លោកស្រីបានកើតឡើងបន្ទាប់ពីមានកំហុសនយោបាយនិងសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលជំរុញអោយមានការលាលែងពីតំណែងរបស់សមាជិករដ្ឋាភិបាលជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suella Braverman នៅដើមសប្តាហ៍នេះផងដែរ៕