ខេត្តស្វាយរៀង ៖ ក្មេងប្រុសតូចម្នាក់ បានដើរលេងនៅក្បែរបៀទឹកខាងមុខផ្ទះ លុះក្រោយមក រអិលជើងធ្លាក់ចូលទឹកបៀ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលម្តាយ កំពុងរវល់ជាប់ដៃនឹងការងារក្នុងផ្ទះ ភ្លេចខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចបៀខាងមុខផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
ក្មេងប្រុសដែលលង់ទឹកស្លាប់ មានឈ្មោះហែម សុភក្ត្រា អាយុ៤ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្តៅ បានទទួលព័ត៌មានពីលោកមេភូមិវត្តចាស់ថា មានករណីក្មេងលង់ទឹកស្លាប់ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវនិងពិនិត្យសព។

តាមការពិនិត្យសព របស់នគរបាលផ្នែកជំនាញ និងលោកវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែករមាសហែក បានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មូលហេតុគឺមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយ។
សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕