Friday, November 15, 2024
Homeព័ត៌មានជាតិខឹងកម្មករជជែកគ្នាឮខ្លាំង សន្តិសុខវ៉ៃរយះក្បាល

ខឹងកម្មករជជែកគ្នាឮខ្លាំង សន្តិសុខវ៉ៃរយះក្បាល

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានអះអាងថា ត្រូវសន្តិសុខចំនួន២នាក់ ដែលជាអ្នកយាមច្រកចេញ ចូលការដ្ឋានសំណង់ដែលខ្លួនធ្វើការ បានប្រើហិង្សា ដោយយកអាយកូមវាយក្បាល បណ្តាលឱ្យរងរបួសរយះក្បាល ដោយចោទថាពួកខ្លួននិយាយគ្នាឮខ្លាំងៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករសំណង់ជាច្រើននាក់ បានចេញពីក្នុងរោងកម្មករមកធ្វើការតវ៉ា រហូតដល់សមត្ថកិច្ចចុះអន្តរាគមន៍ នាំភាគីទាំងសងខាង ទៅដោះស្រាយគ្នានៅប៉ុស្តិ៍។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចរោងកម្មករ បុរីវិមានភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះដែលអះអាងថា ត្រូវបានសន្តិសុខយាមច្រកទ្វារចេញចូល វាយបណ្តាលឱ្យរងរបួសរយះក្បាល មានឈ្មោះឈូន ឆៀង អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ធ្វើការនិងស្នាក់នៅកន្លែងកើតហេតុ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់បានមកធ្វើការជាកម្មករសំណង់នៅក្នុងការដ្ឋានបុរីវិមានភ្នំពេញ នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលមានទំនាស់ ឬមានគំនុំជាមួយអ្នកណានោះទេ។ នៅមុនពេលកើតហេតុ គឺជាវេលាដែលកម្មករទាំងអស់ ដល់ពេលត្រូវសម្រាកពីការងារ ហើយកម្មករទាំងអស់ក៏បានវិលចូលកន្លែងសម្រាករៀងៗខ្លួន។ លុះដល់វេលាម៉ោង ៨យប់ មុនពេលកើតហេតុគាត់ដេកមិនលក់ ក៏បានទៅនិយាយលេងជាមួយកម្មករសំណង់ប្រុសៗ ចំនួន២នាក់ទៀត នៅខាងមុខរោងដែលពួកគាត់ស្នាក់នៅ។ ស្រាប់តែមួយសន្ទុះ ក្រោយមក លេចមុខសន្តិសុខដែលយាមនៅច្រកចេញចូលរោងកម្មករកើតហេតុ ២នាក់ បានជិះម៉ូតូមកដល់ រួចបានស្រែកថា “អ្ហែងស្ងាត់អត់ៗ អ្ហែងចង់ម៉េច?”។ បន្ទាប់មកសន្តិសុខទាំងនោះក៏បានយកវិទ្យុទាក់ទង (អាយកូម) វាយមកលើរូបគាត់ បណ្តាលឱ្យរងរបួសបែកក្បាល និងវាយទៅលើបុរសទាំង២នាក់ ដែលឈរជាមួយគាត់ បន្ថែមទៀត បណ្តាលឱ្យរងរបួសស្រាល។

ជនរងគ្រោះខាងលើ បន្តថា បន្ទាប់មកសន្តិសុខទាំងនោះ បាននាំរូបគាត់ទៅកាន់ប៉ុស្តិ៍យាមរបស់ខ្លួន ដោយមិនប្រាប់ពីមូលហេតុឱ្យបានច្បាស់លាស់នោះទេ។ លុះដល់វេលាកើតហេតុ ក៏បង្កឱ្យមានការភ្ញាក់ដល់កម្មករទាំងអស់នាំគ្នាឆោឡោចេញមកធ្វើការតវ៉ា ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

តាមសម្តីកម្មករដែលនាំគ្នាចេញមកធ្វើការតវ៉ា បានប្រាប់បន្ថែមទៀតថា នេះមិនមែនជាលើកទី១ ដែលសន្តិសុខបានប្រើប្រាស់អំពើហិង្សាទៅលើកម្មករ ព្រោះកន្លងមក សន្តិសុខទាំងនោះក៏ធ្លាប់ប្រើប្រាស់អំពើហិង្សាទៅកម្មករ ប៉ុន្មានដងមកហើយ ថែមទាំងបញ្ឈប់ពួកគេពីការងារថែមទៀតផង។

ជុំវិញហេតុការណ៍ខាងលើនេះ ភាគីខាងសន្តិសុខ មិនបានបញ្ជាក់ប្រាប់អ្វីនោះទេ ហើយ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំសន្តិសុខដែលបានបង្កហេតុ និងជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលឃ្មួញ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

RELATED ARTICLES