Friday, November 15, 2024
Homeព័ត៌មានជាតិចៅក្រមុំសុំលុយយាយអត់បាន ចងកស្លាប់

ចៅក្រមុំសុំលុយយាយអត់បាន ចងកស្លាប់

ខេត្តកណ្តាល ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានសុំលុយពីជីដូនរបស់ខ្លួន ប្រាប់ថាយកទៅទិញកាតទូរស័ព្ទ បញ្ចូលលុយប្រើ តែជីដូនឆ្លើយប្រាប់ថា “យាយអត់មានលុយទេចៅ” លុះក្រោយមក ចៅស្រីតាមសុំជីដូន ជាលើកទី២ នៅតែមិនបាន ស្រាប់តែចៅស្រីឈឺចិត្តស្អិតទ្រូង ក៏រត់ទៅចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង០៥នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ក្មេងស្រីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះវ៉ុន ស្រីឡែន អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិសំរោងក្អែ ឃុំសំរោងធំ  ស្រុកកៀនស្វាយ។

តាមប្រភពពីសាច់ញាតិក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានសុំលុយពីជីដូនរបស់ខ្លួន ឈ្មោះមាស ជា អាយុ៥៨ឆ្នាំ មុខរបរលក់បាញ់ឆែវ តែជីដូនបាននិយាយថា “យាយអត់មានលុយទេចៅ” ឮដូច្នេះ ក្មេងស្រីរងគ្រោះ បានដើរចេញ រួចក៏ឡើងទៅលើផ្ទះ ដេកនៅក្នុងបន្ទប់ ដោយបើកភ្លើងដេក។ បន្ទាប់មក ជីដូនរបស់ជនរងគ្រោះបានឡើងទៅលើផ្ទះ ដើម្បីសម្រាកដែរ ខណៈនោះ ជនរងគ្រោះបានសុំលុយជីដូនម្តងទៀត ក្នុងគោលបំណងយកទៅទិញកាតទូរស័ព្ទ តែយាយរបស់ក្មេងស្រីរងគ្រោះ ប្រាប់ថា “យាយមានតែ២ម៉ឺនរៀលទេ ទុកទិញសាច់មាន់ និងត្រី យកមកធ្វើស្នូលបាញ់ឆែវ”។

ប្រភពដដែល បន្តថា បន្ទាប់ពីសុំលុយជីដូនមិនបាន ក្មេងស្រីរងគ្រោះ បានចូលទៅដេកក្នុងបន្ទប់វិញ ដោយដេកបើកភ្លើងដដែល។ បន្ទាប់មក ជីដូនជនរងគ្រោះ បានក្រោកពីដេក ទៅបត់ជើងតូច ប្រទះឃើញក្នុងបន្ទប់ដេកចៅស្រី នៅបើកភ្លើង ទើបជីដូនបានហៅឱ្យចៅស្រី បិទ ភ្លើងអំពូល ប៉ុន្តែមិនឮសំឡេងចៅស្រីឆ្លើយតបសោះ ទើបបើកទ្វារចូលទៅមើល ក៏ប្រទះឃើញ ក្មេងស្រីរងគ្រោះចងកស្លាប់បាត់ទៅហើយ ដោយយកអាវដៃវែងពណ៌ខៀវក្រឡាការ៉ូ ចងកជាប់នឹងផ្លានផ្ទះ។ បន្ទាប់មក យាយរបស់ក្មេងស្រីរងគ្រោះ ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងសមត្តកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ និងអាជ្ញាធរភូមិ ឃុំ រួមជាមួយគ្រូពេទ្យ បានចុះពិនិត្យសពក្មេងស្រីរងគ្រោះ រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES