ខេត្តស្វាយរៀង ៖ ជនសង្ស័យ ១ក្រុម បានជិះរថយន្ត ១គ្រឿង ទៅឈប់នៅមុខហាងសាឡន និងកក់សក់ មួយកន្លែង រួចនាំគ្នាចូលទៅរកសេវាកក់សក់ ដោយសុំឱ្យកក់សាប៊ូដែលខ្លួនយកមក និងប្រាប់ឱ្យម្ចាស់ហាង ហិតក្លិនសាប៊ូរបស់ខ្លួន លុះហិតរួច ក៏គ្រប់គ្រងស្មារតីលែងបាន និងត្រូវបានក្រុមជនសង្ស័យ នាំគ្នារើកកាយប្រមូលយកលុយកាក់ ទ្រព្យសម្បត្តិអស់រលីង រួចនាំគ្នាគេចខ្លួនបាត់អស់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចហាងផាន់ណា សាឡន មានទីតាំងស្ថិក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
ជនរងគ្រោះ មានឈ្មោះកុយ សុផាណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាងផាន់ណាសាឡន រស់នៅភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលនាងកំពុងនៅក្នុងហាងតែម្នាក់ឯង មានក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នា៣នាក់ បានជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាក និងមិនចាំស្លាកលេខ មកឈប់នៅខាងមុខហាងរបស់នាង រួចនាំគ្នាចូលក្នុងហាង ដោយប្រាប់ថា មកកក់សក់។ បន្ទាប់មក ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់នោះ បានសុំឱ្យនាងកក់សាប៊ូរបស់គេដែលយកមកជាមួយ រួចហើយបានចាក់សាប៊ូនោះ ដាក់បាតដៃ ហុចឱ្យនាងហិត លុះពេលហិតរួច នាងហាក់លែងអាចគ្រប់គ្រងស្មារតីរបស់ខ្លួនបានតែម្តង។
ស្ត្រីរងគ្រោះ បន្តថា បន្ទាប់មក ក្រុមជនសង្ស័យបានប្រាប់នាងថា ទៅយកលុយមកឱ្យពួកគេ ព្រោះពួកគេចង់ដូរលុយ ខណៈនោះនាងហាក់ត្រូវថ្នាំសណ្តំ វង្វេងស្មារតី ក៏ដើរចូលក្នុងផ្ទះ ចាក់សោ ប្រមូលយកលុយទាំងអស់ដែលទើបតែដកពីធនាគារ ABA កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ រួមទាំងគ្រឿងអលង្ការ មកឱ្យពួកគេទាំងអស់។ ក្រោយពីបានលុយ និងគ្រឿងអលង្ការហើយ ក្រុមជនសង្ស័យ បាននាំគ្នាចាកចេញ និងឡើងបើករថយន្តគេចបាត់ភ្លាមៗ លុះបន្តិចក្រោយមក ទើបនាងហាក់ស្វាងស្មារតី និងផ្អើលឆោឡោឡើងតែម្តង។
ក្រោយកើតហេតុ ម្ចាស់ហាងរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ព្រោះមានអាការខុសធម្មតារ និយាយស្តីវើរវាយ ទៅមុខទៅក្រោយ សង្ស័យត្រូវថ្នាំសណ្តំរបស់ក្រុមជនសង្ស័យតែម្តង។
បន្ទាប់ពីដឹងស្មារតីឡើងវិញ សមត្ថកិច្ចបានចុះធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ទើបស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ប្រាក់ ចំនួន ១៧ ៥០០ដុល្លារ ចិញ្ចៀនប្លាទីន ចំនួន២វង់ ទម្ងន់៦ហ៊ុន ខ្សែដៃកូន (ប្លាទីន) ទម្ងន់១ជីកន្លះ និងក្រវិលមាស ទម្ងន់ ១ហ៊ុន។
ករណីនេះ សមត្តកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ កំពុងសហការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់ឱ្យខាងតែបាន៕