ភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក មកពីទិញបន្លែយកទៅលក់បន្ត ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជាប្រពន្ធ ប៉ុន្តែមិនបានសម្រេច គ្រាន់តែបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉ក របស់ជនរងគ្រោះ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ធ្លាក់បន្លែពេញផ្លូវ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រងរបួសស្រាល។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងមុខមណ្ឌលសុខភាពទឹកថ្លា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់និងប្រពន្ធ បានជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ មួយគ្រឿង មកពីទិញបន្លែនៅឯផ្សារព្រែកអញ្ចាញ យកទៅលក់បន្តនៅផ្សារជម្ពូវ័ន ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើត ទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក ជិះតាមពីក្រោយ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់ ដែលស្ពាយជាប់នឹងខ្លួន បណ្តាលឱ្យដាច់ខ្សែកាបូប តែមិនបានសម្រេច និងធ្វើឱ្យម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ធ្លាក់បន្លែពីលើរ៉ឺម៉ក រាយប៉ាយពេញផ្លូវ និងបណ្តាលឱ្យពួកគាត់ទាំង២នាក់ប្តីប្រពន្ធ រងរបួសស្រាល។ ចំណែកជនសង្ស័យ បាននាំគ្នាបន្ថែមល្បឿន ជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ។

ក្រោយពេលកើតហេតុ មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ តែដោយជនរងគ្រោះមិនបានបាត់បង់ទ្រព្យសម្បត្តិ និងប្រញាប់ទៅលក់បន្លែផង ពួកគាត់ក៏បានបន្តដំណើរចេញទៅបាត់ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ៕