Friday, November 15, 2024
Homeព័ត៌មានជាតិគេស្រែកចោរៗ ជ្រុលដៃបាញ់ស្លាប់

គេស្រែកចោរៗ ជ្រុលដៃបាញ់ស្លាប់

ភ្នំពេញ ៖ បុរសខ្មាន់កាំភ្លើងម្នាក់ ដែលជិះរថយន្តទំនើប ឮគេស្រែក «ចោរ!ៗ» ដកកាំភ្លើងបាញ់បុរសម្នាក់ បណ្តាលឱ្យស្លាប់នៅលើចិញ្ចើមផ្លូវ ក្នុងទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះ បានចូលខ្លួនសារភាពនៅប៉ុស្តិ៍នគរបាលបឹងកក់ទី១ ខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសជាខ្មាន់កាំភ្លើង មានឈ្មោះសៅ សុខុន ហៅប្រុសធំ អាយុជាង៤១ឆ្នាំ មុខរបរជាមន្ត្រីយោធា ថ្នាក់វរសេនីយ៍ និងជាជំនួយការឧកញ៉ាម្នាក់ ជិះរថយន្តទំនើប ១គ្រឿង ម៉ាក Lexus LX-570 Kuro ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7799 និងប្រដាប់ទៅដោយកាំភ្លើងខ្លី ១ដើម ម៉ាកឡុក។ ចំណែកជនរងគ្រោះដែលត្រូវបានបាញ់ស្លាប់ក្នុងថ្លុកឈាម មានឈ្មោះរិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ (ឆ្នាំកំណើត១៩៩៨) មានទីកន្លែងកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីបាញ់ប្រហារមួយ បានកើតឡើងនៅតាមផ្លូវ១០១១ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន បំណងរត់គេចពីមនុស្ស ១ក្រុម ដែលកំពុងជិះម៉ូតូប្រដេញតាមពីក្រោយបណ្តើរ ស្រែកចោរ!ៗបណ្តើរ ពេលនោះស្រាប់តែមានបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ឮគេស្រែកថាចោរ!ៗ បែបនេះ ក៏ដកកាំភ្លើងបាញ់ប្រហារទៅលើបុរសខាងលើ ចំនួន២គ្រាប់ បណ្តាលឱ្យដួលម៉ូតូស្លាប់នៅលើចិញ្ចើមផ្លូវ មួយរំពេច ចំណែកខ្មាន់កាំភ្លើង និងក្រុមដែលប្រដេញតាមពីក្រោយ បានចែកផ្លូវគ្នាគេចបាត់អស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-4729 ក្នុងល្បឿនយ៉ាងលឿន បំណងគេចពីមនុស្សប្រុស ១ក្រុម ដែលកំពុងជិះម៉ូតូប្រដេញតាមពីក្រោយ និងស្រែកថា “ចោរៗ” បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានការផ្ទុះអាវុធ ចំនួន២គ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះ ១គ្រាប់ រួចហើយជនរងគ្រោះ មិនបានឈប់ម៉ូតូភ្លាមនោះទេ គឺនៅតែបន្តដំណើរទាំងដៃឱបពោះ ឆ្ពោះទៅ មុខ បានប្រមាណ ១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏ដួលម៉ូតូផ្កាប់មុខ ស្លាប់ក្បែរចិញ្ចើមផ្លូវតែម្តង។

ដោយឡែកតាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស ១ក្រុម ស្លៀកពាក់ស៊ីវិល បានអះអាងថាជាកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ (ពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ) បានចុះស្រាវជ្រាវមុខសញ្ញា ចោរគាស់ផ្ទះ លុះក្រោយមក បានជិះម៉ូតូប្រដេញតាមជនរងគ្រាះខាងលើ ដោយដេញតាមបណ្តើរ ស្រែកថា ចោរ!ៗ បណ្តើរ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញដងផ្លូវ។ លុះបន្តិចក្រោយមក ជនរងគ្រោះខាងលើ បានជិះម៉ូតូកាត់មុខរថយន្តទំនើប ១គ្រឿង ម៉ាក Lexus LX-570 Kuro លុះអ្នកជិះក្នុងរថយន្តនោះ ឮសំឡេងស្រែកថា ចោរ!ៗ ក៏ដកកាំភ្លើងខ្លី បាញ់សំដៅជនរងគ្រោះខាងលើ ចំនួន ២គ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះ ១គ្រាប់ តែភ្លាមនោះ ជនរងគ្រោះមិនបានឈប់ម៉ូតូភ្លាមទេ ដោយព្យាយាមជិះម៉ូតូគេចទៅមុខបណ្តើរ យកដៃឱបពោះបណ្តើរ បានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីកន្លែងបាញ់ប្រហារ ក៏បានរេចង្កូតម៉ូតូដួលផ្កាប់មុខ លែងកម្រើកតែម្តង។ លុះពេលចូលទៅពិនិត្យមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ដោយឡែក ក្រុមជនស៊ីវិលដែលអះអាងថាជាសមត្ថកិច្ច រួមនិងខ្មាន់កាំភ្លើង បានបែកផ្លូវគ្នាគេចបាត់ស្រមោលអស់ភ្លាមៗតែម្តង ដោយបន្សល់ទុកជនរងគ្រោះខាងលើ ដេកស្លាប់ក្នុងថ្លុកឈាម។

ក្រោយកើតហេតុ នៅវេលារសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា បាន ចុះទៅឡោមព័ទ្ធនិងឆែកឆេរភូមិគ្រឹះលេខ១៦ ផ្លូវលេខ៥៥២ សង្កាត់បឹងកក់ទី១ ផងដែរ ស្រាប់តែពេលនោះ បុរសជាខ្មាន់កាំភ្លើង បានចូលទៅសារភាពនៅស្នាក់ការប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក តែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសជាខ្មាន់កាំភ្លើង បានឆ្លើយសារភាពថា មុនកើតហេតុ ខ្លួនបានបើកបររថយន្តម៉ាក Lexus LX-570 Kuro ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7799 មកដល់ចំណុចកើតហេតុ ឃើញសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ដេញជនសង្ស័យ ស្រែកថា ចោរ!ៗ មកដល់ចំណុចរថយន្តរបស់ខ្លួន ខ្លួនក៏ឈប់រថយន្តជួយស្ទាក់ជនសង្ស័យ។ ប៉ុន្តែជនសង្ស័យនោះបានប្រឹងគេច ទើបខ្លួនដកកាំភ្លើងបាញ់គំរាម តែបែរជាត្រូវជនសង្ស័យ ១គ្រាប់ បណ្តាលឱ្យស្លាប់តែម្តង។

លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ពិតជាមានករណីឃាត់ខ្លួនខ្មាន់កាំភ្លើងដែលបានបាញ់មនុស្សស្លាប់នោះប្រាកដមែន នៅទឹកដីខណ្ឌទួលគោក ហើយក្រោយពីចូលខ្លួនសារភាពរួច សមត្ថកិច្ចខណ្ឌទួលគោក បានបញ្ជូនខ្លួនខ្មាន់កាំភ្លើងរូបនោះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលជាម្ចាស់ករណី ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

RELATED ARTICLES