កងទ័ពឥណ្ឌានិងចិនបានប៉ះទង្គិចគ្នានៅតាមព្រំដែនហិម៉ាឡៃដែលមានជម្លោះរាប់ទសវត្សរ៍កន្លងមកហើយ ដែលជាឧបទ្ទវហេតុជាលើកដំបូងរវាងមហាអំណាចអាស៊ីទាំងពីរដែលមានអាវុធនុយក្លេអ៊ែរក្នុងរយៈពេលជិតពីរឆ្នាំ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអិនអិនកាលពីថ្ងៃអង្គារទី១៣ ធ្នូឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការពារជាតិឥណ្ឌាបាននិយាយថាទាហានភាគីទាំងសងខាងបានរងរបួសតិចតួចនៅក្នុងការប្រឈមមុខគ្នាដែលបានកើតឡើងកាលពីថ្ងៃសុក្រនៅតំបន់Tawangភាគឦសានប្រទេសឥណ្ឌាដែលជាតំបន់ដាច់ស្រយាលមានព្រំប្រទល់ភាគខាងត្បូងប្រទេសចិន។
ចិននៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេចំពោះហេតុការនេះប៉ុន្តែរ៉យទ័របានរាយការណ៍យោងប្រភពកងទ័ពឥណ្ឌាថា ទាហានឥណ្ឌាយ៉ាងតិចប្រាំមួយនាក់បានរងរបួស។
ក្រោយកើតហេតុមេបញ្ជាការមកភាគីទាំងពីរបានបើកកិច្ចប្រជុំភ្លាមៗបន្ទាប់ពី ដើម្បីស្តារសន្តិភាព ឡើងវិញ។
ព្រំដែនដែលមានជម្លោះប្រវែង៣៣៧៩គីឡូម៉ែត្រ គឺជាប្រភពនៃការប៉ះទង្គិចរវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំងជាយូរមកហើយជាមួយនឹងភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមិថុនា ឆ្នាំ ២០២០ធ្វើអោយមានការប្រយុទ្ធគ្នាបណ្តាលឱ្យ ទាហានឥណ្ឌា ២០នាក់ និងចិន៤នាក់នៅតំបន់ Aksai Chin-Ladakh ៕