កាលពីថ្ងៃសុក្រទី១៦ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យនូវម៉ូទ័ររ៉ុក្កែតដើរដោយឥន្ធនៈរឹងដែលជាការអភិវឌ្ឍន៍ថ្មីមួយទៀតដែលអាចនាំឱ្យរបបលោកគីមជុងអ៊ុនអាចបាញ់បានលឿននិងអាចជឿជាក់ លើមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នាពេលអនាគត។
ម៉ូទ័ររ៉ុក្កែតដែលមានកម្លាំងខ្ពស់ថ្មីនេះ ត្រូវបានសាកល្បងនៅឯទីតាំងបាញ់បង្ហោះផ្កាយរណបមួយ នៅភាគពាយព្យនៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ ។នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA)។

គ្រាប់រ៉ុក្កែតដែលប្រើឥន្ធនៈរឹងមានស្ថេរភាពជាងគ្រាប់ដែលប្រើឥន្ធនៈរាវដែលកូរ៉េខាងជើងធ្លាប់បានសាកល្បងលើការបាញ់បង្ហោះ ICBM ពីមុន។
រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានចូលរួមក្នុងការសាកល្បង ដែល KCNA បាននិយាយថាឧបករណ៍ថ្មីនេះវានឹងផ្តល់ ការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយទៀត។
អ្នកជំនាញបាននិយាយថា ការអភិវឌ្ឍន៍អាចមានសារៈសំខាន់ ប្រសិនបើម៉ាស៊ីនរ៉ុក្កែតថ្មីនេះអាចត្រូវបានរួមបញ្ចូលដោយជោគជ័យជាមួយមីស៊ីល ICBM ៕