កងទ័ពជើងទឹកថៃបាននិយាយកាលពីថ្ងៃអង្គារថាសាកសពចំនួនប្រាំមួយត្រូវបានរកឃើញខណៈសមាជិកនាវិក ២៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយបន្ទាប់ពីនាវាចម្បាំងរបស់ខ្លួនមួយគ្រឿងបានលិចនៅក្នុងឈូងសមុទ្រថៃចំពេលមានរលកសមុទ្រដ៏ខ្លាំងកាលពីថ្ងៃអាទិត្យ។
រហូតមកដល់ពេលនេះ សមាជិកនាវិកជាង ៧០នាក់នៃនាវា Sukhothai ត្រូវបានជួយសង្គ្រោះ។ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្តតាមអាកាស និងសមុទ្រ ដោយក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនចេញពីឆ្នេរសមុទ្រនៃខេត្ត Prachuap Khiri Khan ភាគកណ្តាលប្រទេសថៃ។
ឧត្តមនាវីឯកលោកChoengchai Chomchoengpaet អគ្គមេបញ្ជាការកងទ័ពជើងទឹកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យើងមានទំនុកចិត្តថានៅតែមានសង្ឃឹមដោយបន្ថែមថាបេសកកម្មស្វែងរកនឹងបន្តរហូតដល់អ្នកបាត់ខ្លួនទាំងអស់ត្រូវបានរកឃើញ។
យោងតាមកងទ័ពជើងទឹកបានឱ្យដឹងថា នាវាចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកបានផ្ទុកបុគ្គលិកចំនួន ១០៥ នាក់ នៅពេលដែលខ្យល់បក់ខ្លាំង និងរលកខ្ពស់បានបក់បោកទឹកចូលក្នុងបន្ទប់ម៉ាស៊ីន ដែលបណ្តាលឱ្យលិចពីត្រើយខាងកើតប្រហែល ៣៧គីឡូម៉ែត្រពីឆ្នេរសមុទ្រ។
នាវានេះបានធ្វើការល្បាតនៅពេលកើតហេតុ ហើយអាវការពាសុវត្ថិភាពតិចជាងចំនួននាវិកនៅលើនាវា។
នាវា Sukhothai ត្រូវបានប្រើប្រាស់អស់រយៈពេល ៣៦ឆ្នាំ ជិតដល់អាយុចូលនិវត្តន៍ ៤០ ឆ្នាំ។ យ៉ាងណាក៏ដោយ កងទ័ពជើងទឹកបាននិយាយថា ម៉ាស៊ីននៅលើនាវានៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ ហើយវាមានគម្រោងពង្រីករយៈពេលប្រើប្រាស់របស់នាវា៕