កាលពីថ្ងៃអង្គាររដ្ឋាភិបាលតាលីបង់បានហាមមិនអោយនិស្សិតស្រីចូលរៀននៅសកលវិទ្យាល័យទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាការគៀបសង្កត់ចុងក្រោយបំផុតទៅលើសិទ្ធិនិងសេរីភាពរបស់ស្ត្រីនៅក្នុងប្រទេសនេះ។នេះបើយោងតាមប្រភពព័ត៌មានស៊ីអិនអិនចេញផ្សាយកាលពីថ្ងៃពុធទី២១ខែធ្នូឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងអប់រំថ្នាក់ឧត្តមសិក្សាអាហ្វហ្គានីស្ថានបានបញ្ជាក់ពីការផ្អាកនេះប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអង្គារ។ លិខិតដែលចេញផ្សាយដោយក្រសួងអប់រំបាននិយាយថាការសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយបទបញ្ជានឹងចូលជាធរមានភ្លាមៗ។
ទោះបីជាពីដំបូងពួកតាលីបង់បានសន្យាថានឹងបង្កើតច្បាប់កម្រិតមធ្យមដើម្បីគោរពសិទ្ធិស្ត្រី និងជនជាតិភាគតិចក៏ដោយ ក៏ពួកគេបានអនុវត្តយ៉ាងទូលំទូលាយនូវការបកស្រាយដ៏តឹងរឹងរបស់ពួកគេអំពីច្បាប់អ៊ីស្លាម ឬ Sharia ។
ពួកគេបានហាមប្រាមកុមារីពីសាលាមធ្យមសិក្សា និងវិទ្យាល័យ រឹតដ្បិតស្ត្រីពីការងារភាគច្រើន ហើយបានបញ្ជាឱ្យពួកគេស្លៀកពាក់ពីក្បាលដល់ចុងជើងនៅទីសាធារណៈ។ ស្ត្រីក៏ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងសួនច្បារ និងកន្លែងហាត់ប្រាណដែរ។
ពួកតាលីបង់ត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ ២០០១ ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការតាមសម្លាប់មេដឹកនាំអាល់កៃដា អូសាមាប៊ីនឡាដិនតែបានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីការចាកចេញដ៏វឹកវររបស់អាមេរិកកាលពីឆ្នាំមុន។
ក្រុមអ្នកតវ៉ាមកពីក្រុមសម្ព័ន្ធភាពនិងសាមគ្គីភាពរបស់នារីអាហ្វហ្គានីស្ថានបាននិយាយថាថ្ងៃនេះយើងចេញមកនៅតាមដងផ្លូវនៃទីក្រុងកាប៊ុលដើម្បីបញ្ចេញសំឡេងរបស់យើងប្រឆាំងនឹងការបិទសាកលវិទ្យាល័យរបស់ស្ត្រី។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរិះគន់ការហាមប្រាមកាលពីថ្ងៃអង្គារដោយហៅវាថាជាការសម្រេចចិត្តដ៏អាម៉ាស់ដែលរំលោភសិទ្ធិទទួលបានការអប់រំសម្រាប់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕