Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិUNSC អនុម័តសេចក្តីព្រាងដំណោះស្រាយ បង្ខំអោយ យោធា បញ្ចប់អំពើហិង្សា និង ដោះលែងអ្នកទោសន យោបាយទាំងអស់

UNSC អនុម័តសេចក្តីព្រាងដំណោះស្រាយ បង្ខំអោយ យោធា បញ្ចប់អំពើហិង្សា និង ដោះលែងអ្នកទោសន យោបាយទាំងអស់

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)បានអនុម័តសេចក្តីព្រាងដំណោះស្រាយលើកដំបូងរបស់ខ្លួន លើប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ៧៤ ឆ្នាំកាលពីថ្ងៃពុធ ដើម្បីទាមទារឱ្យរបបយោធាំបញ្ចប់អំពើហិង្សា និង ដោះ លែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំដែលត្រូវបានបណ្តេញចេញ ពីអំណាចលោកស្រី អ៊ុងសានស៊ូជីផងដែរ។

សេចក្តីព្រាងដំណោះស្រាយតែមួយគត់ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខគឺនៅឆ្នាំ ១៩៤៨ នៅពេល ដែលស្ថាប័ននេះបានផ្តល់អនុសាសន៍ឱ្យមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់មីយ៉ាន់ម៉ា – បន្ទាប់ មកភូមា – ជាសមាជិកនៃស្ថាប័នពិភពលោក។

សេចក្តីព្រាងដំណោះស្រាយលេខ 2669 របស់ UNSC ស្តីពីប្រទេសមីយ៉ាន់ម៉ាបានសម្តែងការ ព្រួយបារម្ភយ៉ាង ខ្លាំងចំពោះស្ថានភាពអាសន្នដែលកំពុងបន្តដោយយោធាហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបញ្ហាដែលមានរយៈពេលយូរ។ សេចក្តីព្រាងដំណោះស្រាយក៏បានអំពាវនាវឱ្យមាន ជំនួយមនុស្សធម៌កាន់តែច្រើន សម្រាប់ជនរងគ្រោះនៃអំពើហិង្សា ដោយសង្កត់ធ្ងន់ទៅលើស្ត្រី កុមារ និងប្រជាជនផ្លាស់ទីលំនៅ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន១៥ប្រទេសត្រូវបានបំបែកចេញពីគ្នាជាយូរណាស់មកហើយអំពីរបៀបដោះស្រាយវិបត្តិមីយ៉ានម៉ា ដោយប្រទេសចិន និងរុស្ស៊ីបានប្រឆាំងនឹង សេចក្តីព្រាង ដំណោះស្រាយនេះ។ ពួកគេទាំងពីរបានបដិសេធការបោះឆ្នោតកាលពីថ្ងៃពុធ រួមជាមួយនឹងប្រទេសឥណ្ឌា។ សមាជិក១២រូបទៀតបានបោះឆ្នោតគាំទ្រ។

ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស លោក Barbara Woodwardបាននិយាយបន្ទាប់ពីការបោះឆ្នោតលើសេចក្តី ព្រាងច្បាប់របស់អង់គ្លេសថា ថ្ងៃនេះ យើងបានផ្ញើសារយ៉ាងម៉ឺងម៉ាត់មួយទៅកាន់របបយោធាថា ពួកគេមិនគួរ មាន ការសង្ស័យទៀតនោះទេយើងរំពឹងថាដំណោះស្រាយនេះនឹងត្រូវបានអនុវត្តពេញលេញ។

លោកស្រីបានប្រាប់ក្រុមប្រឹក្សាថាយើងក៏បានផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រជាជនមីយ៉ាន់ម៉ាថាយើងស្វែងរកការរីកចម្រើនស្របតាមសិទ្ធិ បំណងប្រាថ្នា និងផលប្រយោជន៍របស់ពួកគេ។

លោក Zhang Jun ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេស ចិនបានប្រាប់ក្រុមប្រឹក្សាបន្ទាប់ ពីការ បោះ ឆ្នោតថា ប្រទេសចិននៅតែមានការព្រួយបារម្ភ។ មិនមានការដោះស្រាយភ្លាមៗចំពោះបញ្ហានេះទេ… ថា តើវា អាចដោះស្រាយបានត្រឹមត្រូវឬអត់នៅទីបញ្ចប់ អាស្រ័យលើមូលដ្ឋាន ហើយមានតែលើមីយ៉ាន់ម៉ាប៉ុណ្ណោះ។

លោកបាននិយាយថាប្រទេសចិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីថ្លែងការណ៍ផ្លូវការមួយស្តីពីមីយ៉ាន់ម៉ា មិនមែនជាដំណោះស្រាយនោះទេ។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា ទីក្រុងម៉ូស្គូ មិនបានចាត់ទុកស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ទេ ដូច្នេះហើយបានជឿជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនគួរត្រូវបានដោះស្រាយនោះទេ។

ប្រទេសមីយ៉ាន់ម៉ាបានជួបវិបត្តិចាប់តាំងពីកងទ័ពបានឡើងកាន់អំណាចបន្ទាប់ពីធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីស៊ូជីកាលពីខែកុម្ភៈឆ្នាំមុននិងបានឃុំខ្លួនលោកស្រីនិងមន្ត្រីផ្សេងទៀតនិងឆ្លើយតបទៅនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការប្រឆាំងដោយកម្លាំងដ៍សាហាវ។

ការបង្រ្កាបរបស់យោធាលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបានសម្លាប់មនុស្សជាង ២៥០០ នាក់។ នេះបើ យោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ៕

RELATED ARTICLES