Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន សុំឲ្យUN រៀបចំកិច្ចប្រជុំកំពូលសន្តិភាព​បញ្ចប់​​សង្គ្រាមនៅខែកុម្ភៈឆ្នាំ ២០២៣

អ៊ុយក្រែន សុំឲ្យUN រៀបចំកិច្ចប្រជុំកំពូលសន្តិភាព​បញ្ចប់​​សង្គ្រាមនៅខែកុម្ភៈឆ្នាំ ២០២៣

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់សារព័ត៌មានAPថារដ្ឋាភិបាលរបស់លោកចង់ឱ្យ​មានកិច្ចប្រជុំកំពូលសន្តិភាពនៅឯអង្គការសហប្រជាជាតិ ដែលមានអគ្គលេខាធិការលោក António Guterres ជា​អ្នក​សម្រុះសម្រួល។

នៅក្នុងបទសម្ភាសន៍ជាមួយ AP ចេញផ្សាយកាលពីថ្ងៃចន្ទ លោកKulebaបានសារភាពថាខណៈពេលដែលអ៊ុយ​ក្រែននឹង​ធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើដើម្បីឈ្នះជម្លោះយោធាដែលកំពុងបន្តជាមួយរុស្ស៊ីនៅឆ្នាំ ២០២៣នោះ ដំណោះស្រាយការទូតនឹងដើរតួយ៉ាងសំខាន់។ លោកKulebaបាននិយាយថារាល់សង្រ្គាមបញ្ចប់ដោយវិធីការ​ទូត​ហើយការ​បញ្ចប់សង្រ្គាមវាគឺជាលទ្ធផលនៃសកម្មភាពដែលបានធ្វើឡើងនៅសមរភូមិ និងនៅតុចរចា។

ទាក់ទងទៅនឹងបញ្ហានេះអង្គការសហប្រជាជាតិបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។អ្នកនាំពាក្យរងរបស់អង្គការ​សហប្រជាជាតិ លោក Florencia Soto Nino-Martinez បាននិយាយកាលពីថ្ងៃចន្ទថាដូចដែលអគ្គលេខា​ធិការ​បាននិយាយជាច្រើនដងកាលពីអតីតកាល ថាគាត់អាចសម្រុះសម្រួលបានលុះត្រាតែភាគីទាំងអស់​ចង់ឱ្យគាត់​សម្របសម្រួល។

លោក Kuleba ក៏បាននិយាយដែរថា រុស្ស៊ីត្រូវតែប្រឈមមុខនឹងតុលាការឧក្រិដ្ឋកម្មសង្រ្គាម មុនពេលប្រទេស​របស់​លោក​ជួបពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូ។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថាប្រ​ទេសផ្សេងទៀតគួរតែមានអារម្មណ៍សេរីក្នុងការចូលរួមជាមួយរុស្ស៊ីដូចដែលបានកើតឡើងមុនពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរវាងតួកគី និងរុស្ស៊ី។

កាលពីដើមខែនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេឡិនស្គី បានថ្លែងទៅកាន់មេដឹកនាំ G20 នៅក្នុង​ប្រ​ទេសឥណ្ឌូណេស៊ី និងបានដាក់ចេញនូវ រូបមន្តសន្តិភាពដប់ចំណុចដែលរួមមានការស្ដារឡើង​វិញនូវបូរណ​ភាព​ទឹក​ដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី ការដោះដូរអ្នកទោស និងតុលាការសម្រាប់ការចោទប្រកាន់​ទីក្រុង​ម៉ូស្គូ។

ឆ្លើយតបទៅនឹងសំណើរបស់ Kuleba អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារ​សារ​ព័ត៌​មានរដ្ឋ RIA Novosti ថា រុស្ស៊ី មិនដែលធ្វើតាមលក្ខខណ្ឌដែលកំណត់ដោយអ្នកដទៃឡើយ។ មានតែ​សុភវិនិច្ឆ័យរបស់យើងតែប៉ុណ្ណោះ៕

RELATED ARTICLES