យោធាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះយោធាចិនមួយគ្រឿងបានចូលមកក្នុងចម្ងាយ 20 ហ្វីត ស្មើនឹង៦ម៉ែត្រពីយន្តហោះកងទ័ពអាកាសអាមេរិក ហើយបានបង្ខំឱ្យគេចខ្លួនដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុននេះ។

សហរដ្ឋអាមេរិកនិយាយថាការស្ទាក់ចាប់របស់ចិនអាចបណ្តាលឱ្យមានការប៉ះទង្គិចគ្នាតាមអាកាស។យោធាអាមេរិកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន និងយន្តហោះ RC-135 របស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានកើតឡើងកាលពីថ្ងៃទី២១ខែធ្នូ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា យន្តហោះរបស់សហរដ្ឋអាមេរិកកំពុងធ្វើប្រតិបត្តិការជាប្រចាំដោយស្របច្បាប់លើសមុទ្រចិនខាងត្បូងក្នុងដែនអាកាសអន្តរជាតិ។ អ្នកបើកយន្តហោះរបស់ខ្លួនត្រូវបានបង្ខំឱ្យធ្វើសមយុទ្ធគេចវេស ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។
សេចក្តីថ្លែងការណ៍របស់អាមេរិកបានបន្ថែមថាកងកម្លាំងរួមឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយនឹងបន្តហោះហើរ ជិះទូក និងប្រតិបត្តិការនៅសមុទ្រនិងក្នុងដែនអាកាសអន្តរជាតិដោយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃនាវា និងយន្តហោះទាំងអស់ក្រោមច្បាប់អន្តរជាតិ។
នៅក្នុងជំនួបជាមួយសមភាគីចិនកាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីតម្រូវការក្នុងការកែលម្អទំនាក់ទំនងវិបត្តិ ហើយថែមទាំងបានកត់សម្គាល់នូវអ្វីដែលលោកហៅថាអាកប្បកិរិយាដ៏គ្រោះថ្នាក់ដោយយន្តហោះយោធាចិន។
ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយកាលពីខែមិថុនាថា យន្តហោះចម្បាំងចិនមួយគ្រឿងបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍យោធាអូស្ត្រាលីយ៉ាងគ្រោះថ្នាក់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីខែឧសភា៕