Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិ មីយ៉ាន់ម៉ា ប្រារព្ធខួបឯករាជ្យជាតិ​បង្ហាញកម្លាំង​យោធា ​និងដោះលែងអ្នកទោស

 មីយ៉ាន់ម៉ា ប្រារព្ធខួបឯករាជ្យជាតិ​បង្ហាញកម្លាំង​យោធា ​និងដោះលែងអ្នកទោស

កាលពីថ្ងៃពុធទី ៤ខែមករា ឆ្នាំ២០២៣របបយោធាមីយ៉ាន់ម៉ា បានប្រារព្ធខួបឯករាជ្យជាតិលើកទី៧៥ពី​អាណានិគម​ចក្រ​ភព​អង់គ្លេសជាមូយនឹងក្បួនព្យុះ ហយាត្រាកងទ័ពនិងសព្វាវុធទំនើបៗឆ្លងកាត់រដ្ឋធានី ណៃពិដោ។ ពិធីនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំយោធារបស់ប្រទេសនេះបានបញ្ជូនមេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនិងជាម្ចាស់ជ័យលាភីណូបែលលោកស្រីអ៊ុងសានស៊ូជីឱ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំ។

មីយ៉ាន់ម៉ាបានប្រកាសឯករាជ្យពីអាណានិគមអង់គ្លេសនៅថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨បន្ទាប់ពីការប្រយុទ្ធដ៏យូរអង្វែងដែលដឹកនាំដោយឧត្តមសេនីយ៍ Aung San ដែលជាឪពុករបស់លោកស្រីអ៊ុងសាន ស៊ូជី។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា រថក្រោះ មីស៊ីល និងរថពាសដែក បានធ្វើដំណើរឆ្លងកាត់​អាកាស​ពេល​​ព្រលឹម ទៅកាន់ទីលានព្យុហយាត្រាក្នុងរដ្ឋធានី ដើម្បីរំលឹកខួបលើកទី ៧៥ចាប់តាំងពីមីយ៉ាន់ម៉ាទទួល​បានឯករាជ្យពីចក្រភពអង់គ្លេស។

មន្ត្រីរាជការ និងសិស្សបានដើរតាមកងទ័ព អមដោយក្រុមតន្រ្តីយោធា។ប្រមុខរដ្ឋាភិបាលលោក មីងអ៊ុនឡាំង​ត្រូវបានស្វាគមន៍ដោយការបាញ់កាំភ្លើងធំ២១ដើម នៅពេលលោកមកដល់ទីលានដង្ហែ។

យោងតាមកាសែតរដ្ឋ Global New Light of Myanmar បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើ ការស្វាគមន៍ដោយស្មោះនិងបានទន្ទឹងរង់ចាំ ការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់​ទំនងរបស់ប្រ​ទេសទាំង​ពីរ។

របបយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជាង៧.០០០នាក់

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដោះ​លែងអ្នក​ទោស​ចំនួន ៧០១២នាក់ក្រោមការច្បាប់លើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសអាស៊ីអាគ្នេយ៍។

MRTV បាននិយាយថាអ្នកទោសដែលត្រូវបានកាត់ទោសពីបទមនុស្សឃាត រំលោភប្រកាន់ពាក់ព័ន្ធនឹងគ្រឿងផ្ទុះ សមាគមខុសច្បាប់ អាវុធ គ្រឿងញៀននិងអំពើពុករលួយនឹងមិនត្រូវបានគេដោះលែងនោះទេ។វាមិនទាន់​ច្បាស់​ទេ​ថាតើអ្នកជាប់ឃុំខាងនយោបាយណាមួយនឹងត្រូវបានដោះលែងឬអត់៕

RELATED ARTICLES