ភ្នំពេញ៖សួស វីសា បានវិលត្រឡប់មករកឆាកតន្រ្ដីសារជាថ្មីវិញយ៉ាងពេញទំហ៊ឹងទៅហើយ បើទោះជាជំងឺរលាកបំពង់កនាងនៅមិនទាន់មានការបញ្ជាក់ពីទេព្យថៃថានាងជា១០០%វិញក្ដី ប៉ុន្ដែខែនេះជារដូវផ្ការីកសម្រាប់តារាសិល្បៈទាំងឡាយទើបវីសា មិនអាចពន្យាពេលការចេញរកលុយទៀតនោះទេ ហើយមានឆាកខ្លះរូបនាងថែមទាំងនាំស្វាមីនាងលោកថមមី ទៅច្រៀងរាំជាមួយទៀតផង ដែលនោះគឺជាការបន្ថែមប្រាក់ចំណូលឬអាជីពថ្មីឲ្យប្ដី ខណៈដែលកន្លងមកលោកប៊ុនថុល ប៊ុនថង ធ្វើគ្រប់យ៉ាងដើម្បីភរិយាក្នុងនោះមានទាំងការតែងខ្លួនជាភេទទី៣ដើម្បីលក់អ៊ឺវ៉ាន់តាមOnline ទៀតផង។

អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលដែលវីសា កាន់ក្បាលមីក្រូពេញជាថ្មីនេះដែរ នាងនៅមិនទាន់ទទួលបានតំណែងធំណាមួយពីថៅកែហង្សមាសដើម្បីលួងលោមចិត្តនាងវិញឡើយក្រោយពីរបូតកៅអីជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ដែលត្រូវសុគន្ធ និសា រ៉ាប់រងវិញ។ប៉ុន្ដែគេជឿរថាវីសា នៅតែមានឱកាសព្រោះការចាកចេញរបស់លោកខែម ប៊ុនថៃ ធ្វើឲ្យកៅអីមួយចំនួនដែលថៅកែត្រៀមប្រគល់ទៅឲ្យអតីតតារាហង្សមាសរូបនេះរ៉ាប់រងបាននៅទំនេរនៅឡើយ បើទោះជាពេជ្រ សោភា ហាក់មានប្រៀបជាងក្នុងការទទួលបានការងារទាំងនោះក្ដី។

សួស វីសា បានច្រៀងផង ដើរលេងផងនៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ នេះដោយនាងបាននាំស្វាមីនិងកូនស្រីទៅដើរកម្សាន្ដនៅក្រៅប្រទេសជាបន្ដបន្ទាប់ តែទៅតែក្នុងតំបន់អាស៊ីប៉ុណ្ណោះមានដូចជាថៃ និងសាំងហ្គាពួរ ជាដើម។អ្វីដែលវីសា មិនទាន់បានសម្រេចតាមបំណងនៅឡើយកាលពីឆ្នាំចាស់នោះគឺនាងចង់ជិះរថយន្ដម៉ាកRolls Royce ហេតុនេះហើយតាមរយៈការចេញច្រៀងទាំងសុខភាពមិនសូវអំណោយផល ហើយស្វាមីនាងនៅតែតែងខ្លួនជាភេទទី៣ ដើម្បីប្រឹងរកលុយរួមគ្នា នោះមិនយូទេវីសា នឹងបានជិះឡានម៉ាកសេដ្ឋីនោះជាមិនខានឡើយ ខណៈដែលពេលនេះនាងមានរថយន្ដជាច្រើនគ្រឿងជិះ ឆ្លាស់គ្នាប្រចាំថ្ងៃមានដូច ជាLexus Lx570,Lexus Nx200t ,Alphard ,Jaguar,Bmw និងMazda ជាដើម។

ប៉ុន្ដែទាក់ទង អាជីពចម្រៀងវិញការត្រឡប់មកអុកឡុកទីផ្សារជាថ្មីនេះវីសា ក៍មិនខុសពីតារាដែលមានស្វាមីនិងកូនដ៍ទៃទៀតដែរ ពោលគឺពិបាកយកឈ្នះគូប្រជែង ហើយចំណុចនេះនាងបានដឹងខ្លួន តាំងពីមុនរៀបការប្ដីកាលពីឆ្នាំ២០១៩ ម្លេះ។ប្រភពបានឲ្យដឹងថាវីសា អាចនឹងទៅធ្វើជាគ្រូបង្វឹកកម្មវិធីX Factor Cambodia រដូវកាលទី២ជំនួសលោកប៊ុនថៃ ប៉ុន្ដែកៅអីធំនេះស្ថិតនៅលើការសម្រេចចិត្តរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាស និងលោកអ៊ឹង សុខលី ស្វាមីឱក សុគន្ធកញ្ញា ៕

