អង់គ្លេស ៖ តាមប្រភពព័ត៌មាបរទេសបានបាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United បានផ្តល់ ទាំង Antony និង Jadon Sancho ដល់ក្លឹបនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលពួកគេព្យាយាមកាត់ បន្ថយការខាតបង់របស់ពួកគេ លើកីឡាករទាំង២ ដែលលេងមិនសូវបានល្អ។
គួបញ្ជាក់ថា ក្លឹប Manchester United បានចុះហត្ថលេខាទិញកីឡាករ Jadon Sancho ក្នុងតម្លៃ៧៣លាន ផោន ក្នុងឆ្នាំ២០២១ ប៉ុន្តែមិនបានឃើញទម្រង់លេងដ៏ល្អបំផុតរបស់កីឡាករសញ្ជាតិអង់គ្លេស រូបនេះ មុនពេល មានជម្លោះជាមួយអ្នកចាត់ការ លោក Erik ten Hag បានឃើញគាត់ត្រលប់ទៅអតីតក្លឹបចាស់ Borussia Dortmund វិញ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល៦ខែ ដែលមិនរួមបញ្ចូលជម្រើសសម្រាប់ការផ្ទេរអចិន្ត្រៃយ៍។ទន្ទឹមនឹងនោះ កីឡាករ Antony បានបរាជ័យក្នុងការស៊ុតបញ្ចូលទី ឬជួយបានមួយគ្រាប់ ក្នុងរដូវកាលនេះ ហើយការចុះហត្ថលេខា ៨៦លានផោន បានបរាជ័យក្នុងការរក្សាតំណែងជាអចិន្ត្រៃយ៍នៅក្នុងក្រុម នៅឆ្នាំនេះ។

ប្រភពដដែល បន្តថា Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែកផ្លូវជាមួយ កីឡាករទាំង ពីរខាងលើ ហើយបានផ្ទេរកីឡាករ Antony និង Sancho ទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត ។ Manchester United នឹងដាក់តម្លៃ Sancho និង Antony ៥០លានផោន ក្នុងម្នាក់ៗ ហើយក្លឹបបិសាចក្រហម ទទួល យកការខាតបង់សរុបចំនួន ៥៩លានផោន។

នាយកគ្រប់គ្រងកីឡាបាល់ទាត់ លោក John Murtough ថ្មីៗនេះបានជួបជាមួយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត មួយចំនួន ក្នុងព្រឹត្តិការណ៍ Club World Cup កាលពីខែមុន ក្នុងគោលបំណងបង្កើតទំនាក់ទំនង និង ដាក់មូលដ្ឋានគ្រឹះសម្រាប់ការផ្ទេរកីឡាករ នាពេលខាងមុខ ដោយមានដូចជា Casemiro និង Raphael Varane ក៏ជាគោលដៅសក្តានុពលសម្រាប់ក្លឹបមជ្ឈិមបូព៌ាផងដែរ៕