អាហ្សង់ទីន ៖ ម្ចាស់ពានរង្វាន់បាល់មាស ៨សម័យកាល កីឡាករជម្រើសជាតិអាហ្សង់ទីន លីអូនេល មេសស៊ី (Lionel Messi) និងមិត្តរួមក្រុម អែនចេល ឌីម៉ារៀ (Angel di Maria) គ្រោងនឹងលេងឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែល គ្រោងចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

យោងតាមសារព័ត៌មានបរទេស បានឲ្យដឹងថា ក្រៅពី Messi ខ្សែប្រយុទ្ធស្លាប Angel di Maria ដែលគ្រោងនឹង បញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិ នៅឆ្នាំនេះ ក៏គ្រោងនឹងចូលរួមក្នុងការប្រកួតជ្រើសរើសជើងឯកកីឡា អូឡាំពិក ឆ្នាំនេះដែរ។

លោកចាវៀរ ម៉ាឆេរ៉ាណូ (Javier Mascherano) គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនក្រោមអាយុ២២ឆ្នាំ (U-22) អាហ្សង់ទីន បានលើកឡើងថា Messi និង Di Maria ទទួលបានសិទ្ធិក្នុងការជ្រើសរើស ប្រសិនបើពួកគេចង់ លេងនៅក្នុងការប្រកួតកីឡាអូឡាំពិក ពួកគេអាចធ្វើដូច្នេះបាន។
យោងតាមបទប្បញ្ញត្តិនៃការប្រកួតអូឡាំពិក ផ្នែកកីឡាបាល់ទាត់ មានតែកីឡាករ ៣នាក់ប៉ុណ្ណោះ ដែលមាន អាយុលើសពី ២៣ឆ្នាំ នៅក្នុងក្រុមជម្រើសជាតិនីមួយៗ ដែលអាចចូលលេងបាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលរៀបចំឡើងនៅទីក្រុងប៉ារីស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ៕