Friday, May 3, 2024
Homeកីឡាអន្ដរជាតិ Newcastle បដិសេធសំណើ Bayern Munich  ១៥លានអឺរ៉ូ សម្រាប់ខ្សែការពារស្តាំ កៀរ៉ាន ទ្រីបភីអឺរ

 Newcastle បដិសេធសំណើ Bayern Munich  ១៥លានអឺរ៉ូ សម្រាប់ខ្សែការពារស្តាំ កៀរ៉ាន ទ្រីបភីអឺរ

អង់គ្លេស ៖ ក្លឹបសារិកាព្រៃ Newcastle United បានបដិសេធសំណើ ១៥លានអឺរ៉ូ (១២,៨លានផោន) ពី Bayern Munich សម្រាប់ខ្សែការពារស្តាំ កៀរ៉ាន ទ្រីបភីអឺរ (Kieran Trippier) កីឡាករអន្តរជាតិអង់គ្លេស វ័យ៣៣ឆ្នាំ បានចូលរួមជាមួយ Newcastle ពីក្លឹប Atletico Madrid របស់អេស្ប៉ាញ ក្នុងតម្លៃ ១២លានផោន ក្នុងខែមករា ឆ្នាំ២០២២។

កៀរ៉ាន ទ្រីបភីអឺរ គឺជាកីឡាករដំបូងរបស់ Newcastle ចាប់តាំងពីការចូលកាន់តំណែង ដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតរបស់ពួកគេ និងជាលើកដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោកអេដឌី ហូវេ (Eddie Howe)។ អតីតខ្សែការពារក្រុម Burnley និង Spurs កីឡាករ កៀរ៉ាន ទ្រីបភីអឺរ បាន បង្ហាញខ្លួន ៦២ប្រកួត នៅ Premier League សម្រាប់ក្រុមសារិកាព្រៃ ក្រោមការដឹកនាំក្រុម របស់លោកអេដឌី ហូវេ ជាទៀងទាត់ ក្នុងរដូវកាលនេះ។

នាយកប្រតិបត្តិក្លឹប Newcastle លោកដាររេន អ៊ីលស៍ (Darren Eales) បានថ្លែងកាលពីដើមខែមករា ថា “ក្លឹបប្រហែលជាត្រូវលក់កីឡាករចេញ ដើម្បីអនុលោមតាមច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League”។

ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារស្តាំ ក្នុងទីផ្សារដោះដូរកីឡាករ ខែមករា។ ពួកគេបានចុះហត្ថលេខាលើខ្សែការពារអង់គ្លេស អេរិក ដាយយើរ (Eric Dier) ពី Tottenham ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលដែលនៅសល់ ដោយចូលរួមជាមួយអតីតមិត្តរួមក្រុម ហាររី ខេន (Harry Kane) ដែលធ្លាប់លេងជាមួយកៀរ៉ាន ទ្រីបភីអឺរ  នៅ Spurs ផងដែរ។

 កៀរ៉ាន ទ្រីបភីអឺរ  ក្នុង៤៦ប្រកួត សម្រាប់ក្រុមអង់គ្លេស បានលេងទាំងអស់ លើកលែងតែ ២ប្រកួត នៃ២១ ប្រកួត Premier League របស់ Newcastle នៅរដូវកាលនេះ ជាមួយនឹងក្រុមរបស់លោកអេដឌី ហូវេ Newcastle ត្រូវប្រឈមនឹងការអវត្តមានសំខាន់ៗជាច្រើន ក្នុងរដូវកាលនេះ ដោយកីឡាករក្នុងក្រុមទីមួយ ចំនួន៩ ត្រូវអវត្តមាន ដោយសាររបួស ឬជំងឺ។

 ក្លឹប Newcastle បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ថា ខ្សែបម្រើ ចូអេលីនតុន (Joelinton) បានទទួលការវះកាត់របួសភ្លៅ ដែលគាត់បានរងរបួសអំឡុងពេលប្រកួត FA Cup ជាមួយក្រុម Sunderland កាលពីថ្ងៃទី០៦ ខែមករា។ កីឡាករអន្តរជាតិប្រេស៊ីល អាយុ២៧ឆ្នាំ រូបនេះ ត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញ ក្នុងខែឧសភា ខាងមុខ៕

RELATED ARTICLES