អ៊ីតាលី ៖ ក្លឹប Napoli ម្ចាស់ជើងឯកអ៊ីតាលី Serie A បានប្រកាសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ថា ពួកគេបានចុះហត្ថលេខាលើខ្សែបម្រើស្លាប សញ្ជាតិបែលហ្ស៊ិក ស៊ីរីល ង៉ូងេ (Cyril Ngonge) ពី Hellas Verona។ កិច្ចព្រមព្រៀងនេះ មានតម្លៃប្រហែល ១៨លានអឺរ៉ូ (១៩,៦០លានដុល្លារ) នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ក្លឹប Napoli បានប្រកាសនៅក្នុងការបង្ហោះនៅលើធ្វីតធឺរ (Twitter) ថា “ស៊ីរីល ង៉ូងេ ទៅ Napoli ហើយ”។គួរបញ្ជាក់ថា កីឡាករស៊ីរីល ង៉ូងេ (Cyril Ngonge) វ័យ២៣ឆ្នាំ បានចូលរួមជាមួយ Verona កាលពីខែមករា ឆ្នាំ២០២៣ ពីក្លឹប FC Groningen ហើយបានលេងសរុប ចំនួន៣៦ប្រកួត ក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទី បាន១១គ្រាប់ និងផ្តល់ជំនួយ ចំនួន៣លើក។

ក្លឹប Napoli ដែលបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ ប៉ាស្គាល ម៉ាហ្សូចឈី (Pasquale Mazzocchi) និង ហាមេដ ត្រាអូរ (Hamed Traore) កាលពីដើមខែនេះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Italian Supercup ជាមួយនឹងជ័យជម្នះ 3–0 លើក្រុម Fiorentina កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដែលបច្ចុប្បន្ន ក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងតារាងក្របខ័ណ្ឌអ៊ីតាលី Serie A ៕
