អង់គ្លេស ៖ ក្លឹប Manchester United បានតែងតាំងលោកអូម៉ារ បឺររ៉ាដា (Omar Berrada) ជានាយកប្រតិបត្តិ បន្ទាប់ពីគាត់បានលាលែងពីតំណែងជាប្រធានផ្នែកប្រតិបត្តិការបាល់ទាត់ នៅ Man City Football Group។ លោកបឺររ៉ាដា បានបង្កើតកេរ្តិ៍ឈ្មោះដ៏ធំមួយ នៅ Manchester City ដោយដំបូង ជានាយកពាណិជ្ជកម្មរបស់ក្លឹប បន្ទាប់មកគាត់បានក្លាយជាប្រធានប្រតិបត្តិ។

ក្លឹបបិសាចក្រហម Manchester United បានឱ្យដឹងថា “វាគឺជាមហិច្ឆតាដែលបានបញ្ជាក់របស់យើងក្នុងការបង្កើត Manchester United ឡើងវិញ ជាក្លឹបដែលឈ្នះពាន។ ក្លឹបបានប្តេជ្ញាចិត្តក្នុងការដាក់កីឡាបាល់ទាត់ដែលលេងល្អនៅលើទីលាន ត្រឡប់មកវិញ ដែលជាបេះដូងនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ ការតែងតាំងអូម៉ារ បឺររ៉ាដា តំណាងឱ្យជំហានដំបូងក្នុងការធ្វើដំណើរនេះ”។
គួរបញ្ជាក់ថា Manchester United បានស្វែងរកនាយកប្រតិបត្តិថ្មី ដើម្បីជំនួសលោក រីឆាដ អារណុលដ៍ (Richard Arnold) ដែលបានលាលែងពីតំណែង កាលពីខែវិច្ឆិកា។ ដំបូងឡើយ ត្រូវបានគេគិតថា លោក ហ្សង់ ក្លូដ ប្លង់ (Jean Claude Blanc) ដែលនឹងទទួលតួនាទីនេះ។

ជំនាញរបស់លោកអូម៉ារ បឺររ៉ាដា ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដ៏សំខាន់។ ប្រធានផ្នែកច្បាប់ របស់ Manchester United លោកប៉ាទ្រិក ស្ទេវ៉ាត (Patrick Stewart) បានឈានជើងចូលជំនួសលោក រីឆាដ អារណុលដ៍ ជាបណ្តោះអាសន្ន ប៉ុន្តែមិនដែលមានបំណងក្លាយជាអ្នករៀបចំអចិន្ត្រៃយ៍ឡើយ។
Man City បានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោក បឺររ៉ាដា ដោយបានធ្វើអត្ថាធិប្បាយថា “ក្លឹបយល់ពីការសម្រេចចិត្តរបស់គាត់ ក្នុងការស្វែងរកការប្រកួតប្រជែងថ្មី ហើយគាត់ចាកចេញដោយអរគុណនិងជូនពររបស់យើង៕