Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតធូបចោល ទៅដេកផ្ទះបងប្អូន ភ្លើងឆេះហ្មត់

ដុតធូបចោល ទៅដេកផ្ទះបងប្អូន ភ្លើងឆេះហ្មត់

ខេត្តបាត់ដំបង ៖ ក្រុមគ្រួសារមួយ បានដុតធូបនៅលើហ៊ឹងក្នុងផ្ទះចោល រួចចាក់សោផ្ទះ ចេញទៅដេកនៅផ្ទះបងប្អូន ស្រាប់តែពាក់កណ្តាលអធ្រាត្រ កើតមានអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតផ្ទះអស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០៤ នៅចំណុចភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់។

ផ្ទះដែលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង ៧ម៉ែត្រ  ធ្វើពីឈើប្រក់ស័ង្កសី មានម្ចាស់ឈ្មោះផល សូត្រ ភេទប្រុស អាយុ៤៥ឆ្នាំ។ លំនៅឋាននេះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ដែលម្ចាស់មិនបានដឹង។ ប៉ុន្តែបានអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកជួយអន្តរាគមន៍ពន្លត់ តែមិនអាចទប់ស្កាត់ឬជួយរំដោះទ្រព្យ សម្បត្តិបានឡើយ។

តាមសម្តីរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានដុតធូបនៅលើហ៊ឹងក្នុងផ្ទះ រួចក៏ចាក់សោ បិទទ្វារ នាំគ្នាទៅដេកនៅផ្ទះបងប្អូន នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ក្រោយពេលចេញផុតពីផ្ទះ រហូតដល់ពាកកណ្តាលអធ្រាត្រ ស្រាប់តែមានអគ្គិភ័យឆេះផ្ទះគាត់យ៉ាងសន្ធោ សន្ធៅ ផ្អើលអស់អ្នកភូមិនិងសមត្ថកិច្ច។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ អ្នកភូមិបានទាក់ទងប្រាប់ដល់ម្ចាស់ផ្ទះអំពីអគ្គិភ័យនេះ ធ្វើឱ្យម្ចាស់ផ្ទះបានស្រូតដំណើរមកដល់ ឃើញផ្ទះរបស់ខ្លួនត្រូវក្លាយជាចំណីភ្លើងអស់ទៅហើយ ដោយមិនអាចជញ្ជូនរំដោះរបស់ទ្រព្យក្នុងផ្ទះបានបន្តិចឡើយ។

តាមការសន្និដ្ឋានរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ អគ្គិភ័យនោះ អាចបណ្តាលមកពីភ្លើងធូបដែលគាត់ដុតទុកចោល នៅលើហឹងក្បាលគ្រែ។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ម៉ូទ័រ ចំនួន៦គ្រឿង គ្រែឈើ ចំនួន១ តុឈើ ចំនួន៣ រួមនិងសម្ភារជាច្រើនទៀត ដែលគិតជាទឹកប្រាក់ អស់ប្រមាណ៥០០០ ដុល្លារ៕

RELATED ARTICLES