Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផាកពិន័យម្ចាស់សណ្ឋាគារ៥០ម៉ឺន ចោលសំរាមខុសពេល

ផាកពិន័យម្ចាស់សណ្ឋាគារ៥០ម៉ឺន ចោលសំរាមខុសពេល

ខេត្តព្រះសីហនុ ៖ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការអប់រំ និងសម្រេចផាកពិន័យសណ្ឋាគារ វីនីណា ប៊ូទីក ស្ថិតក្នុង ក្រុងព្រះសីហនុ ក្នុងទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ក្រោយពីសណ្ឋាគារមួយកន្លែងនេះ មិន បានគោរពតាមការណែនាំ ដោយយកសំរាមទៅចោល នៅទីសាធារណៈ និងបញ្ចេញសំរាមខុសពេលវេលារដ្ឋ បាលក្រុងបានកំណត់។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “សូមគោរពលោកប្រធាន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារផាកពិន័យរបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំទីតាំងឈ្មោះសណ្ឋាគារ វីនីណា ប៊ូទីក ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយទីតាំងនេះ បានយកសំរាមទៅចោលនៅទីសាធារណៈ និងបញ្ចេញសំរាមខុសពេលវេលាតាមរដ្ឋបាលក្រុងបានកំណត់។ ក្រុមការងារសម្រេចផាកពិន័យអន្តការណ៍ ជាទឹកប្រាក់ចំនួន ៥០០ ០០០រៀល ស្តីពីអនុក្រឹត្យ១១៣ នៃមាត្រាទី៤៨។ តម្រូវឱ្យម្ចាស់ទីតាំងបង់ការផាកពិន័យនៅរដ្ឋបាលក្រុងព្រះសីហនុ ដោយទុករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ។ ករណីម្ចាស់ទីតាំងមិនគោរពតាមការណែនាំរបស់ក្រុមការងារ នោះក្រុមការងារនឹងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន…”។

គួរបញ្ជាក់ថា វិធានការចាប់ផាកពិន័យទៅលើអ្នកបោះសំរាមចោលផ្តេសផ្តាសលើផ្លូវសាធារណៈក្នុងក្រុងព្រះ សីហនុ បើទោះជាបោះចោលថង់១ ក៏រាប់ថាខុសដែរ ហើយបន្ថែមពីលើវិធានការនេះ សម្រាប់អ្នកបញ្ចោញសំរាម និងក្រុមហ៊ុនប្រមូលសំរាមដែលខុសម៉ោងពេលវេលា នោះ ក៏ត្រូវធ្វើការចាប់ផាកពិន័យដូចគ្នាដែរ ។

ខេត្តព្រះសីហនុ តែងតែធ្វើការការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភណភាពទីក្រុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ៕

RELATED ARTICLES