Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានដឹកស្រូវ បុកឡានដឹកខ្សាច់ ខ្ទេចសងខាង

 ឡានដឹកស្រូវ បុកឡានដឹកខ្សាច់ ខ្ទេចសងខាង

ភ្នំពេញ ៖ រថយន្តយីឌុបដឹកស្រូវ រាប់រយបាវ ទម្ងន់ប្រមាណជាង៣០តោន ១គ្រឿង បានបុកគ្នាជាមួយរថយន្តបែនដឹកខ្សាច់ ១គ្រឿង យ៉ាងពេញទំហឹង នៅវេលាទៀបភ្លឺ បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ រហូតដល់ព្រឹកឡើង ខាងរថយន្តដឹកស្រូវ បានយករថយន្តស្ទូច ១គ្រឿង ទៅស្ទូចបង្ហើបកន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវនោះ ដើម្បីប្តូរក្បាលរថយន្តសណ្តោងថ្មី ស្រាប់តែដាច់តម្ពក់ដងស្ទូច បណ្តាលឱ្យក្រឡាប់ចាក់ស្រូវចោលពេញដីតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង ៣ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ហៅផ្លូវអូដឹមកប់ស្រូវ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ភាគីរថយន្តដឹកស្រូវ មានក្បាលសណ្តោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ ស្លាកលេខ កំពង់ចាម 3A-6698 រីឯកន្ទុយរ៉ឺម៉កពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 4A-1421។ ចំណែក រភាគីថយន្តបែនដឹកខ្សាច់ ជារបស់រដ្ឋាករទឹស្វយ័តក្រុងភ្នំពេញ ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ៣-០១៣៣ រងការ ខូចខាតខ្លាំងជាងរថយន្តដឹកស្រូវ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជាង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គេឃើញរថយន្តហ៊ីយ៉ាន់ដាយយីឌុប ១គ្រឿង ខាងលើ ដឹកស្រូវជាង៣០តោន មកពីខេត្តបាត់ដំបង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងជាមួយរថយន្តបែនដឹកខ្សាច់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំ ពេញ ដែលកំពុង រ៉ឺយ៉ែថយក្រោយ ដើម្បីចាក់ខ្សាច់នៅការដ្ឋានតទុយោទឹកស្អាតនៅទីនោះ។

ប្រភពដដែល បន្តថា ខណៈនោះបានរថយន្តទាំង២គ្រឿង បានរងការខូចខាតកាប៊ីនមុខដូចគ្នា ប៉ុន្តែរថយន្តបែនដឹកខ្សាច់ ខូចខាតខ្លាំងជាង ហើយពេលបុកគ្នានោះ រថយន្តទាំង២គ្រឿង ពុំបានក្រឡាប់ឡើយ ហើយសំណាងល្អ ក៏មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។

ក្រោយមក ពុំដឹងថាភាគីទាំង២ដោះស្រាយគ្នាបែបណានោះដែរ លុះដល់ម៉ោងជាង៨ព្រឹក ថ្ងៃដដែល ខាងភាគីម្ចាស់រថយន្តដឹកស្រូវ បានយករថយន្តស្ទូច ១គ្រឿង មកស្ទូចបង្ហើបកន្ទុយរ៉ឺម៉កដែលផ្ទុកទៅដោយស្រូវពេញ ដើម្បីប្តូរក្បាលរថយន្តសណ្តោងថ្មីចូល និងយកក្បាលរថយន្តដែលខូច ទៅធ្វើការជួសជុល។ ស្រាប់តែពេលនោះដោយសារធ្ងន់ពេក បណ្តាលឱ្យបាក់ដាច់តម្ពក់ដងស្ទូច ក្រឡាប់កន្ទុយរ៉ឺម៉ករថយន្តនោះចាក់បាវស្រូវចោល និងធ្លាយស្រូវចេញពីបាវ ដូចគេចាក់គរលើដីតែម្តង តែសំណាងល្អ ពុំបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តដឹកស្រូ បានប្រើឱ្យកម្មករលីសែងបាវស្រូវដាក់លើរថយន្តយីឌុប ១គ្រឿងផ្សេងទៀត ព្រមទាំងកើបស្រូវដែលធ្លាយចេញពីបាវនោះ ច្រកចូលក្នុងបាវវិញ ដើម្បីដឹកបន្តទៅគោលដៅ៕

RELATED ARTICLES