Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ទូដែក លួចលុយនិងមាសពេជ្រ ជាប់ខ្នោះ១

គាស់ទូដែក លួចលុយនិងមាសពេជ្រ ជាប់ខ្នោះ១

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចចូលផ្ទះវីឡាមួយកន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយគាស់ទូដែក យកលុយកាក់ និងគ្រឿងអលង្ការ តម្លៃរាប់ម៉ឺនដុល្លារ កាលពីកន្លះខែមុន ទីបំផុតត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវ ជ្រាវឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។

ករណីគាស់ទូដែក លួចលុយនិងគ្រឿងអលង្ការ តម្លៃរាប់ម៉ឺនដុល្លារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កា ត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថ កិច្ចជំ នាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិចំការចេក សង្កាត់អូរ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លន មានឈ្មោះវង្ស សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ រីឯជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះឆាយ សុវណ្ណារី ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះវីឡាមួយកន្លែង ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះវង្ស សុជាតិ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ គឺជាជនដៃដល់ក្នុងចំណោមបក្ខពួក៣ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ដោយសារគាស់ទម្លុះទម្លាយ នៅត្រង់ចំណុចផ្ទះវីឡាគ្មានលេខមួយកន្លែង ស្ថិតក្នុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក។

ប្រភពដដែល បន្តថា នេះជាជនសង្ស័យទី៥ហើយ ដែលត្រូវឃាត់ខ្លួន ខណៈដែលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ (ប្រុស១ស្រី៣) ដែលជាអ្នកសមគំនិតយកគ្រឿងអលង្ការ ដែលគាស់បាន យកទៅលក់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ ទោស ដោយគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិ នៅចំណុចផ្ទះវីឡា មួយកន្លែង ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ។

ក្រុមចោរ បានផ្លោះរបងចូលទៅក្នុងវីឡាខាងលើ កាត់ចម្រឹងដែក ចូលក្នុងផ្ទះ រួចគាស់ទ្វារបន្ទប់ចូល និងគាស់បំបែកទូដែក យកគ្រឿងអលង្ការ និងលុយ រួមមាន ខ្សែកពេជ្រ ចំនួន២ខ្សែ ខ្សែដៃពេជ្រ ចំនួន១ខ្សែ ចិញ្ចៀនពេជ្រ ចំនួន៤វង់ ខ្សែកមាស ១តម្លឹង ចំនួន១ខ្សែ កងដៃមាសដាំត្បូង ចំនួន២កង កងដៃមាសកូនក្មេង ចំនួន២កង មាសដុំ ចំនួន៣តម្លឹង ត្បូងមិនទាន់ច្នៃចំនួនប្រមាណ៤០-៥០គ្រាប់ ខ្សែដៃមាស ១តម្លឹង និងលុយ ប្រមាណ១ម៉ឺនដុល្លារ ព្រមទាំងយកម៉ាស៊ីនផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាព ចំនួន១គ្រឿង។

បន្ទាប់ពីមានករណីគាស់ផ្ទះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៥នាក់ ក្នុងនោះ អ្នកសមគំនិត ៤នាក់ និងម្នាក់ជាជនដៃដល់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះវង្ស សុជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ខ្លួនត្រូវបក្ខពួក ឈ្មោះគ ង់ រ៉ាវុធ ហៅធី និងឈ្មោះតឿ (គេចខ្លួន) បានបើករថយន្តឡិចស៊ិស ១គ្រឿង មកដឹកទៅធ្វើសកម្មភាពគាស់ផ្ទះខាងលើ ដោយខ្លួនជាអ្នកចាំរថយន្ត ហើយឈ្មោះគង់ រ៉ាវុធ ហៅធី និងឈ្មោះតឿ ជាអ្នកចូលធ្វើសកម្ម ភាពគាស់ផ្ទះ។ បន្ទាប់ពីគាស់បានសម្រេចហើយ ក៏បានគេចខ្លួនទៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ រួចក៏បានឱ្យខ្លួនជិះម៉ូតូកង់៣ទៅផ្ទះ ដោយប្រាប់ថា ប្រាក់ចំណែក ចាំទាក់ទងគ្នានៅថ្ងៃស្អែក។ លុះដល់ល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះគង់ រ៉ាវុធ បានវេរលុយចំណែករបស់ជនសង្ស័យ មកឱ្យតាមវីង ចំនួន៤ពាន់ដុល្លារ ហើយខ្លួនក៏បានទៅដកយកទៅស៊ីចាយ និងគេចខ្លួនទៅខេត្តកំពង់សោម ក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES