Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ញើកង់ ដូរយកម៉ូតូ ជាប់ខ្នោះ៣នាក់

ផ្ញើកង់ ដូរយកម៉ូតូ ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ បានជិះកង់ចូលទៅផ្ញើនៅកន្លែងផ្ញើកង់ម៉ូតូ ក្នុងមន្ទីរពេទ្យចតុមុខ លុះចេញមកវិញ ឃើញម៉ូតូ ១គ្រឿង មានជាប់សោ (ម្ចាស់ភ្លេចដកសោ) ក៏បែកគំនិតដោះដូរសំបុត្រផ្ញើ ពីកង់ យកទៅកឹបជាប់ម៉ូតូ រួចយកម៉ូតូចេញ និងបាននាំគ្នាយកទៅលក់ បានលុយ ចែកគ្នាចាយ តែក្រោយមកត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីយកកង់ដូរម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច កន្លែងផ្ញើម៉ូតូ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកចតុមុខ ស្ថិតតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ។ រហូតមកដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះង្វៀង ង៉ុកឡាំង ភេទប្រុស អា យុ៤១ឆ្នាំ ជនជាតិវៀត ណាម មុខរបរទិញលក់អេតចាយ មានលំនៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ។ ទី២-ឈ្មោះង្វៀង ធីយ៉ាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី៣-ឈ្មោះស័ក្ត វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មាន ឈ្មោះតុង ស្រីស ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ផ្ទះជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យដឹកនាំផ្ទាល់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JF-8172 នៅចំណុចកន្លែងផ្ញើកង់ម៉ូតូ ក្នុងមន្ទីរពេទ្យបង្អែកចតុមុខ ស្ថិតតាមផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ដែកសំប៉ែតចុងស្រួច មានដងរាងអក្សរ អិល (ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោកុងតាក់លួចយកម៉ូតូ) ចំនួន១ និងគ្រឿងញៀន ម៉ាទឹកកក ចំនួន១កញ្ចប់តូច។

ប្រភពដដែល បន្តថា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូ ១គ្រឿង នៅកន្លែងផ្ញើកង់ម៉ូតូ ក្នុងមន្ទីរពេទ្យបង្អែកចតុមុខ។ បន្ទាប់មកជនរងគ្រោះ បានទៅដាក់ ពាក្យបណ្តឹងនៅសមត្ថកិច្ច ទើបសមត្ថកិច្ចបើកការស្រាវ ជ្រាវ និងឃាត់បានជនសង្ស័យ សរុបចំនួន៣នាក់។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា កាលពីវេលាម៉ោងប្រហែល ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះង្វៀង ង៉ុកឡាំង និងបក្ខពួកម្នាក់ទៀត បាននាំគ្នាជិះកង់ចេញពីផ្ទះជួល ទៅសួរសុខទុក្ខអ្នកស្គាល់គ្នា ដែលកំពុង សម្រាកនៅមន្ទីរពេទ្យបង្អែកចតុមុខ ហើយពេលទៅដល់ទីនោះ ជនសង្ស័យបានយកកង់ទៅទុកនៅកន្លែងផ្ញើកង់ម៉ូតូ ក្នុងមន្ទីរពេទ្យ ក៏នាំគ្នាដើរចូលទៅក្នុងមន្ទីរពេទ្យ។ រហូតដល់វេលាម៉ោង១និង៣០នាទីយប់ថ្ងៃដដែល ពួកខ្លួនបាននាំគ្នាចេញមកវិញ ដោយបានទៅយកកង់នៅកន្លែងផ្ញើ តែពេលនោះ បានឃើញម៉ូតូ ១គ្រឿង ដែលដាក់ផ្ញើនៅកន្លែងផ្ញើកង់ម៉ូតូ មានកូនសោនៅជាប់ម៉ូតូ ខ្លួនក៏បានដោះយកសំបុត្រផ្ញើកង់របស់ខ្លួន ទៅកឹបលើម៉ូតូរបស់ជនរងគ្រោះ ហើយដកយកកូនសោម៉ូតូ ដើរចេញមកខាងក្រៅ រួចបានហៅឈ្មោះង្វៀង ធីយ៉ាង ភេទស្រី ឱ្យទៅជួបនៅមុខមន្ទីរពេទ្យ និងបានហុចកូនសោម៉ូតូ និងកន្ទុយសំបុត្រផ្ញើកង់ ដែលបានយកទៅកឹបលើម៉ូតូ ដើម្បីជិះចេញ។

ជនសង្ស័យបានសារភាពបន្តថា នៅពេលឈ្មោះង្វៀង ធីយ៉ាង បន្លំលួចយកម៉ូតូនោះបានហើយ ក៏ចេញទៅជួបឈ្មោះង្វៀង ង៉ុកឡាំង រួចដឹកគ្នាទៅជួបឈ្មោះស័ក្ត វណ្ណា នៅម្តុំលូទឹកស្អុយ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីឱ្យឈ្មោះស័ក្ត វណ្ណា ជួយរកអ្នកទិញម៉ូតូយកប្រាក់ ចែកគ្នា។ លុះព្រឹកឡើងថ្ងៃដដែល ពួកគេទាំង៣នាក់ បាននាំគ្នាជិះម៉ូតូយកទៅលក់ឱ្យឈ្មោះសី ភេទប្រុស អាយុប្រមាណ៣៨ឆ្នាំ នៅផ្សារស័ង្កសី ផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវ។ ឈ្មោះសី ក៏បានពិនិត្យមើលម៉ូតូរួចហើយ ក៏ព្រមព្រៀងតម្លៃ ៣០០ដុល្លារ តែពេល នោះអ្នកទិញ មិនទាន់បានប្រគល់ប្រាក់ឱ្យជនសង្ស័យទេ ពួកគេក៏ជិះម៉ូតូកង់បី ត្រឡប់មកភ្នំពេញ ហើយចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។ រហូតដល់វេលារសៀល ឈ្មោះ សី បានផ្ញើប្រាក់ថ្លៃទិញម៉ូតូនោះ ឱ្យមកឈ្មោះស័ក្ត វណ្ណា តាមវីង ចំនួន៣០០ដុល្លារ លុះដល់ល្ងាច ឈ្មោះស័ក្ត វណ្ណា បានហៅឈ្មោះ ង្វៀង ង៉ុកឡាំង ប្រគល់ប្រាក់ថ្លៃលក់ម៉ូតូចំនួន ៩០ម៉ឺនរៀល និងប្រាប់ថា វាដកយកប្រាក់ជាចំណែករបស់វាចំនួន ៣០ម៉ឺនរៀល។

បន្ទាប់ពីបានស្តាប់ចម្លើយពាក់ព័ន្ធបទល្មើសលួចជាក់ស្តែង និងស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES