Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូថៅកែ បាន៩ថ្ងៃ ជាប់ខ្នោះ

លួចម៉ូតូថៅកែ បាន៩ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានសុំបុរសជនជាតិឥណ្ឌូនេស៊ី ជាថៅកែហាងលក់បាយ ១កន្លែង ចូលធ្វើការ លុះធ្វើការបាន៦ថ្ងៃ ក៏សុំខ្ចីម៉ូតូថៅកែជិះ ប្រាប់ថា ទៅទិញម្ហូប តែថៅកែមិនឱ្យ ស្រាប់តែបន្តិចក្រោយមក បាត់ទាំងជនសង្ស័យ និងម៉ូតូ ទើបថៅកែផ្អើលឆោឡោ ទៅដាក់ពាក្យបណ្តឹង ឱ្យកម្លាំងជំនាញអាវុធហត្ថជួយស្រាវជ្រាវ អស់រយៈពេល៩ថ្ងៃ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតបានម៉ូតូត្រឡប់មកវិញ។ករណីបុគ្គលិកលួចម៉ូតូថៅកែនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងបាយមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះជ្រុន សុផាត ហៅពោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរស្មីសាមគ្គី ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាក Zoomer-X ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3749 ជារបស់ឈ្មោះវីលៀម ចិន ហៅហុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរថៅកែហាងបាយ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីឈ្មោះវីលៀម ចិន ហៅហុង ស្តីពីករណីបាត់ម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ ស្លាកលេខ ភ្នំពេញ 1HG-3749។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បើតាមការរៀបរាប់របស់ដើមបណ្តឹង ខ្លួនបានបើកហាងលក់បាយមួយកន្លែង នៅម្តុំក្រោយសាលារៀនមនោរម្យ ស្ថិតក្នុងក្រុងប៉ោយប៉ែត ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យបានមកសុំការងារធ្វើ ពេលនោះខ្លួនក៏ទទួលឱ្យចូលធ្វើការ រហូតដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ខ្លួន ម៉ាក Zoomer-X ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3749 ដោយប្រាប់ថា ជិះទៅទិញម្ហូបមួយភ្លែត តែខ្លួនមិនបានឱ្យទេ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានលួចយកម៉ូតូជិះទៅបាត់ ហើយមិនឃើញត្រឡប់មកវិញទេ ទោះជាខ្លួនព្យាយាមទាក់ទងតាមទូរស័ព្ទ ក៏មិនចូលដែរ ទើប ខ្លួនសម្រេចមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះជ្រុន សុផាត ហៅពោល ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន២គ្រឿង (១-ម៉ាក Zoomer-X ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3749 ជាម៉ូតូរបស់ជនរងគ្រោះ និង២-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ) រួចបញ្ជូនជនសង្ស័យទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ម៉ាក Zoomer-X ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ។ ដោយឡែកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវ ជ្រាវរកម្ចាស់៕

RELATED ARTICLES