Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ហាញមុខជនសង្ស័យ៤នាក់ ដើរឆក់តែជនបរទេស

 បង្ហាញមុខជនសង្ស័យ៤នាក់ ដើរឆក់តែជនបរទេស

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ដែលសកម្មខាងធ្វើសកម្មភាពឆក់ជនជាតិបរទេស ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការ ដ្ឋាននគរបាលខណ្ឌចម្ការមន ធ្វើសន្និសីទកាសែតបង្ហាញមុខ ជាសាធារណៈ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៤ មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ហាញមុខ រួមមាន ទី១-ឈ្មោះសេង ដេត ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះចយ ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW។ ទី៣-ឈ្មោះអឿន សុភ័ក្ត្រ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នក ដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW និងទី៤-ឈ្មោះចាន់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ជន សង្ស័យទាំង៤នាក់នេះ ពាក់ព័ន្ធក្នុងអំពើឆក់ ចំនួន ២ករណីផ្សេងគ្នា និងជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ និងធ្លាប់ពន្ធនាគារ ទៀតផង។

ក្រោយពីធ្វើសកម្មភាពឆក់ទៅលើជនជាតិបរទេស ចំនួន២នាក់ហើយ សមត្ថកិច្ចបានធ្វើការបង្ក្រាបបានជាបន្ត បន្ទាប់ ដែលក្នុងនោះជនសង្ស័យ ៣នាក់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅចំណុចមុខហាងកាត់សក់ «ស្អាតពេញនិយម» ម្តុំផ្សារអ៊ីអន១ ផ្លូវសុធារស សង្កាត់ទន្លេ បាសាក់ ខណ្ឌចម្ការមន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងម្នាក់ទៀតបានធ្វើសកម្មភាពឆក់ទៅលើជនជាតិរុស្សី នៅមុខសួនណាហ្គាវើល១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពឆក់បានតែប៉ុន្មានម៉ោង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានម៉ូតូ ចំនួន៣គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាព ព្រមទាំងទូរស័ព្ទ និងកាបូប ប្រគល់ឱ្យជនរងគ្រោះវិញ។

ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យឆក់ជនបរទេសនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំអនុវត្តបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាមកស្នងការរងទទួលផែនព្រហ្មទណ្ឌនិងដោយមានការសហការគ្នា រវាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ។

អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា នៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ នៅក្នុងរាជធានីភ្នំពេញ មានករណីឆក់ជនជាតិបរទេស ចំនួន៩ករណី ហើយសមត្ថកិច្ចបង្ក្រាបបាន ៧ករណី សល់២ករណីទៀត កំពុងបន្តស្រាវជ្រាវ។ ករណីនេះ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ពាក់ព័ន្ធបទល្មើសឆក់នេះ ព្រោះវាអាចបង្កឱ្យបាត់បង់អាយុជីវិត អាចបង្កឱ្យរបួសស្នាមដល់ជនរងគ្រោះ មិនថាជនបរទេស ឬជនជាតិខ្មែរនោះទេ។

លោកសំ វិច្ឆិកា បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៨៦ភាគរយ ក្នុងបទល្មើសព្រហ្មទណ្ឌដែលកើតឡើង គឺសមត្ថកិច្ចបង្ក្រាបបានច្រើនណាស់។

ទន្ទឹមការបង្ក្រាបបានជាបន្តបន្ទាប់នេះ លោកសំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ មានការប្រុងប្រយត្នថែទាំរបស់របរដោយខ្លួនឯងផងដែរ៕

RELATED ARTICLES