Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ...ប់...ដុំថ្មធ្លុះកញ្ចក់ឡាន បែ...ក...ថ្ងា...ស...ស្រី ជាប់ខ្នោះ៦នាក់

គ…ប់…ដុំថ្មធ្លុះកញ្ចក់ឡាន បែ…ក…ថ្ងា…ស…ស្រី ជាប់ខ្នោះ៦នាក់

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម បានធ្វើសកម្មភាពប្រើដុំថ្ម គប់ទៅលើរថយន្ត ២គ្រឿង បណ្តាលឱ្យបែកកញ្ចក់ ក្នុងនោះរថយន្ត ១គ្រឿង បានបែកកញ្ចក់និងធ្លុះដុំថ្មចូលដល់ក្នុងរថយន្ត ត្រូវស្ត្រីជាម្ចាស់រថយន្ត របួសបែកថ្ងាស ដេរចំនួន៣០ថ្នេរ។ ចំណែកក្រុមក្មេងទំនើង បាននាំគ្នាគេចខ្លួនបាត់អស់។ លុះ៧ថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២និង៣៣នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៦នាក់។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ យ.ស.ហ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២-ឈ្មោះ ក.ស.ជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ផ្លូវលំ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី៣-ឈ្មោះ ថ.ស.យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៤-ឈ្មោះ យ.ផ.ន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិSOS សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៥-ឈ្មោះ រ.រ.ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី៦-ឈ្មោះ ហ.ល.ស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ មានលំនៅ ភូមិ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះ ង.ស.ល.ដ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានលំនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា (រងរបួសធ្ងន់ បែករយះលើថ្ងាសចំនួន២កន្លែង ដេរចំនួន៣០ថ្នេរ) ជាម្ចាស់រថយន្តម៉ាក Mazda ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ១០ ២-២៣៨៣ និងទី២-ឈ្មោះ ច.ស.ថ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មិនមានរងរបួស)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំឥដ្ឋការ៉ូឡា គប់កញ្ចក់រថយន្តខាងមុខ បណ្តាលឱ្យបែក ផុងចូលទៅក្នុង ត្រូវថ្ងាសជនរងគ្រោះ បែករយះចំនួន ២កន្លែង រងរបួសធ្ងន់ ដេរចំនួន៣០ថ្នេរ និងខូចខាតកញ្ចក់ខាងមុខរថយន្ត ចំនួន២គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២និង៣៣នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាង  ម៉ូតូ ១គ្រឿង ម៉ាក Suzuki next សេ១១០ ពណ៌ស ស៊េរីឆ្នាំ២០២៤ លេខតួ 8987 លេខម៉ាស៊ីន 8695 ពាក់ស្លាកលេខ ភ្នំពេញ 1KH-7851។

ប្រភពខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៣៣នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មានក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពប្រើដុំឥដ្ឋការ៉ូ គប់សំដៅទៅលើរថយន្ត ចំនួន២គ្រឿង ដែលកំពុងបើកបរលើដងផ្លូវ នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត ចំនួន២គ្រឿង ដោយក្នុងនោះ រថយន្ត ១គ្រឿង ម៉ាក  Mazda ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ ដែលបើកបរដោយស្ត្រីម្នាក់ បានរងការខូចខាតបែកកញ្ចក់ ហើយដុំថ្មបានធ្លុះចូលក្នុងរថយន្ត ត្រូវចំថ្ងាសរបស់ស្ត្រីរងគ្រោះ ជាអ្នកបើកបរ បណ្តាលឱ្យបែកថ្ងាស ចំនួន២កន្លែង រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រូពេទ្យដេរមុខរបួស ចំនួន៣០ថ្នេរ។ ចំណែកបុរសជាមន្ត្រីនគរបាលដែលបើកបររថយន្ត ១គ្រឿងផ្សេងទៀត មិនមានរងរបួសអ្វីនោះទេ គ្រាន់តែរងការខូចខាត បែកកញ្ចក់រថយន្តខាងមុខ ១ផ្ទាំង។

ក្រោយកើតហេតុ ក្រុមក្មេងទំនើងទាំងនោះ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ តែបន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៦នាក់ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមសា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES