Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទន្សោងជាប់ផុងក្នុងភក់ ជួយមិនទាន់ ងាប់

ទន្សោងជាប់ផុងក្នុងភក់ ជួយមិនទាន់ ងាប់

ខេត្តឧត្តរមានជ័យ ៖ សត្វទន្សោងឈ្មោល ១ក្បាល បានចុះផឹកទឹកនៅក្នុងថ្លុកមួយកន្លែង ដែលពោរពេញទៅដោយភក់ល្បាប់ រួចក៏ជាប់ផុងក្នុងភក់ ឡើងលើគោកមិនរួច និងត្រូវបានមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការព្រៃសង្ឃរុក្ខាវ័ន្ត ព្យាយាមជួយសង្គ្រោះ តែទម្រាំជួយសង្គ្រោះឡើងលើគោកបាន សត្វទន្សោង ១ក្បាលនោះ បានងាប់គួរឱ្យសោកស្តាយបំផុត។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតំបន់សហគមន៍ធម្មជាតិជីវៈចម្រុះ ស្ថិតនៅត្រង់ចំណុចចុងប្រឡាយ ឃុំលំទង ស្រុកអន្លង់វែង។

លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្តែង ទន្សោងឈ្មោល ១ក្បាលនោះ មានស្លាកស្នាមរបួស (ធ្លាប់ជាប់អន្ទាក់ ធ្វើឱ្យមានរបួសជើង) ក៏ប៉ុន្តែកន្លែងរបួសនោះ ជាសះស្បើយវិញអស់ទៅហើយ ហេតុនេះអ្វីដែលជាបញ្ហា និងធ្វើឱ្យទន្សោងនោះងាប់ ដោយសារតែវាជាប់នៅក្នុងភក់ រយៈពេលយូរម៉ោងពេក ទើបពេលយើងជួយសង្គ្រោះបានហើយ វាបែរជាងាប់។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំពោះការបាត់បង់សត្វទន្សោងឈ្មោល ១ក្បាលនេះ លោកពិតជាមានការសោកស្តាយណាស់ ពីព្រោះសត្វប្រភេទនេះ ពុំសូវមានច្រើននោះទេ ហើយនៅក្នុងព្រៃសហគមន៏អភិរក្សនៅ ក្នុងតំបន់ភូមិសាស្ត្រខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថាន ដាក់ស្នាក់ការឱ្យមន្ត្រីឧទ្យានុរក្ស ប្រចាំការ ដាក់វេនដើរល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ការលបលួចដាក់អន្ទាក់យកសត្វគ្រប់ប្រភេទ គឺមិនឱ្យមានជាដាច់ខាត។

គួរបញ្ជាក់ថា បន្ទាប់ពីសត្វទន្សោងឈ្មោល ១ក្បាលនោះ បានងាប់នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីជំនាញ សហការជាមួយគណៈកម្មាធិការព្រៃសង្ឃរុក្ខាវ័ន្ត បានធ្វើពិធីបង្សុកូល រួចយកសពទន្សោងនោះ ទៅកប់ក្នុងរណ្តៅ ម្តុំស្នាក់ការអភិរក្សបរិស្ថាន អូរផាល ៕

RELATED ARTICLES