ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់ បានបាត់បង់ជីវិត ដោយសារមេហ្វូងរបស់ដំរីព្រៃ វាយប្រហារ ដេញជាន់ ក្នុងពេលដែលស្ត្រីរងគ្រោះកំពុងដើររកជីកទំពាំងឫស្សី នៅក្នុងព្រៃ ដែលមានសត្វដំរីព្រៃឈ្មោលមួយក្បាល ឈឺជើង ដើរមិនរួច។

លោក ស៊ិន សត្ថា នាយកដែនជម្រសត្វព្រៃ កែវសីមា ឱ្យដឹងថា មន្ត្រីបច្ចេកទេស បានប្រទះឃើញសត្វដំរីឈ្មោល ១ក្បាល វាឈឺជើងមុខខាងឆ្វេង នៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ក្រុម ការងារបានយកចំណីដាក់នៅជិតៗវាដែរ ហើយបច្ចុប្បន្នសត្វដំរីខាងលើនេះ សុខភាពរបស់វាប្រសើរឡើងវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វា មិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ ពួកវាមានភាពកាច សាហាវខុសធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើសត្រូវរបស់វា ដែលព្យាយាមចូលទៅជិតគ្នាវាអ៊ីចឹង។ ជារឿយៗសត្វដំរីព្រៃ តែងតែបង្ហាញវត្តមានជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ មិនបានវាយប្រហារមកលើមនុស្សនោះទេ។

លោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា ឱ្យដឹងថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំដល់មេឃុំ មេភូមិ ក្នុងការចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការចូលក្នុងព្រៃ ស្វែងរកបន្លែ ក្នុងបរិវេណក្បែរៗកន្លែងដែលដំរីកំពុងឈឺ ដើម្បីចៀសវាងគ្រោះ ថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្ត្រីជំនាញពាក់ព័ន្ធ តាមដានយកចិត្តទុកដាក់ទៅលើសុខភាពនិងជំងឺរបស់ដំរីផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ត្រីម្នាក់ ត្រូវបានសត្វដំរីព្រៃជាន់ស្លាប់ពេលដើររកទំពាំងឫស្សី នៅក្នុងព្រៃ។

ជនរង់គ្រោះឈ្មោះ សែម ស៊ីណាត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕