Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សោបង្ខាំងស្រី លួចម៉ូតូ ជាប់ខ្នោះ៣

ចាក់សោបង្ខាំងស្រី លួចម៉ូតូ ជាប់ខ្នោះ៣

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបនឹងត្រឡប់មកពីមន្ទីរពេទ្យ កំដរជីតារបស់ខ្លួន បានចតម៉ូតូមុខបន្ទប់ជូល រួចរៀបចំចេញទៅលក់ដូរ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពយកសោ មកចាក់ បង្ខាំងនារីជាម្ចាស់ម៉ូតូក្នុងបន្ទប់ រួចលួចយកម៉ូតូនារីរងគ្រោះ ជិះគេចខ្លួន តែប៉ះម៉ូតូមានប្រព័ន្ធតាមដាន (GPS) ក៏ត្រូវសមត្ថកិច្ចចុះក្របួចជាប់ទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅភូមិព្រទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះម៉ន ស្រីនិច អាយុ២១ឆ្នាំ មុខរបរលក់ភេសជ្ជៈ ស្នាក់នៅព្រៃទា១   សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិស្ពាន ឃុំចេក ស្រុកពាមជ័រ ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលក្រុមជនសង្ស័យលួចយកទៅ ម៉ាក Honda Beat ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KK-6359។ ដោយឡែក ក្រុមជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ សុផាណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះថុន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះសឿន សុខជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានទៅកំដរជីតា នៅមន្ទីរពេទ្យ រហូតដល់វេលាទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ទើបនាងបានជិះម៉ូតូត្រឡប់មកវិញ និងបានចតទុកនៅខាងមុខបន្ទប់ជួល រួចរៀបចំទៅលក់ភេជ្ជៈ ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យ ៣នាក់ បានធ្វើសកម្មភាពយកសោ មកចាក់ទ្វារបន្ទប់របស់នាងពីខាងក្រៅ (បង្ខាំងនាងទុកក្នុងបន្ទប់) រួចលួចយកម៉ូតូរបស់នាង ជិះគេច ខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ នារីរងគ្រោះបានស្រែកហៅអ្នកជិតខាងឱ្យជួយ គាស់ទ្វារចេញមកក្រៅបាន រួចក៏ទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍ ដោយប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់នាងដែលត្រូវក្រុមចោរលួចយកទៅនោះ មានភ្ជាប់ប្រព័ន្ធតាមដាន (GPS)។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមប្រព័ន្ធ GPS ក៏រកឃើញក្រុមជន សង្ស័យ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទើបចាប់ក្របួចជាប់ទាំង៣នាក់ រួចក៏នាំយកមកសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES