Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់គ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹក

ចាប់គ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹក

ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសគ្រឿងចក្រ (អេស្កាវ៉ាទ័រ) មួយគ្រឿង ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅចំណុចភូមិម្រើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងសហគមន៍នេសាទមូលដ្ឋាន។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ជនខិលខូចបានប្រើប្រាស់គ្រឿងចក្រ អេស្កា វ៉ាទ័រ មួយគ្រឿង ធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក បម្រុងយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ប្រមាណជា១០ ហិកតារ ប៉ុន្តែនៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញចុះទៅដល់ឃាត់នោះ គ្រឿងចក្រខាងលើធ្វើសកម្មភាពឈូសឆាយបានប្រមាណជាងមួយហិកតារប៉ុណ្ណោះ ហើយត្រូវបានរឹបអូសយកទៅរក្សាទុក និងសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញមិនបានចាប់ម្ចាស់គ្រឿងចក្រទេ ដោយសារពេលកម្លាំងសមត្ថកិច្ចទៅដល់ ពួកគេបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រ នៅទីតាំងខាងលើ។ សមត្ថកិច្ចជំនាញ បានអះអាងថា នឹងបន្តស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES