Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុកម៉ូតូ ភ្លេចដកសោ ចោរលួចជិះ

ទុកម៉ូតូ ភ្លេចដកសោ ចោរលួចជិះ

ភ្នំពេញ ៖ បុរសម្នាក់ បានទុកម៉ូតូនៅមុខផ្ទះ ភ្លេចដកសោចេញ រួចចូលទៅសម្រាកនៅក្នុងផ្ទះ ស្រាប់តែមានចោរ ២នាក់ ទៅធ្វើសកម្មភាពលួចជិះ តែម្ចាស់ម៉ូតបានឃើញ ក៏ស្រែកនិងដេញតាម ប៉ុន្តែតាមមិនទាន់ ជនសង្ស័យបានយកម៉ូតូជិះគេចទៅបាត់ដោយសុវត្ថិភាព។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុច មុខផ្ទះជាងក្រឡឹងមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ។

បុរសរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះថន អាយុជាង២០ឆ្នាំ មានមុខរបរជាងក្រឡឹង មានលំនៅ កន្លែងកើត ហេតុខាងលើ ហើយម៉ូតូដែលត្រូវចោរលួចយកទៅបាត់ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JU-0137។

តាមប្រពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ហើយភ្លេចដកសោរ ចេញ។ បន្ទាប់មកធ្វើការងាររហូតដល់ពេលកើតហេតុ ដោយសារតែការហត់នឿយ បុរសខាងលើ បានដើរទៅហូបទឹកនៅក្នុងផ្ទះ រួចក៏ដេកលើគ្រែមួយភ្លែត ស្រាប់តែឃើញជនសង្ស័យម្នាក់ ចូលទៅធ្វើសកម្មភាពលួចយកម៉ូតូជិះចេញ ឯបក្ខពួកម្នាក់ទៀត អង្គុយលើម៉ូតូ ១គ្រឿង រង់ចាំនៅតាមផ្លូវ ។ ពេលនោះជនរងគ្រោះបានរត់ចេញពីក្នុងផ្ទះ ស្រែកថា ចោរ!ៗ និងរត់ដេញតាមចោរដែរ ប៉ុន្តែតាមមិនទាន់ឡើយ ដោយចោរជិះម៉ូតូទៅបាត់ដោយ សុវត្ថិភាព។

ដោយឡែក តាមរយៈរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ឃើញថានៅមុនពេលកើតហេតុ មានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដឹកគ្នាធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីជើង ទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចមុខផ្ទះកើតហេតុ បានក្រឡេកមើលទៅម៉ូតូដែលបុរសរងគ្រោះជនទុកនៅមុខផ្ទះនោះ រួចក៏ជិះម៉ូតូហួសទៅមុខបន្តិច ទើបជិះបត់ត្រឡប់ក្រោយវិញ ហើយក៏ឈប់ម៉ូតូនៅឆ្ងាយពីផ្ទះកើតហេតុ។ បន្ទាប់មក ជនសង្ស័យម្នាក់ដែលជាអ្នកបើកបរម៉ូតូ បានចុះពីលើម៉ូតូ រួចដើរចូលទៅធ្វើសកម្មភាពលួច។ ចំណែកបក្ខពួក អង្គុយរង់ចាំលើម៉ូតូដែលជាមធ្យោបាយជិះធ្វើសកម្មភាព។

ក្រោយពីធ្វើសកម្មភាពលួចបានសម្រេច ក្រុមចោរបានជិះម៉ូតូម្នាក់ ១គ្រឿង គេចខ្លួន ហើយពេលនោះឮសម្រែកបុរសដែលជាម្ចាស់ម៉ូតូ ស្រែកថាចោរ!ៗ និងឃើញរត់ចេញពីក្នុងផ្ទះ ដេញតាមចោរដែរ ប៉ុន្តែតាមមិនទាន់។ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកម៉ូតូរបស់គាត់មកវិញ និងចាប់ខ្លួនក្រុមចោរយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES