ថៃ៖ ការិយាល័យរបបសន្តិសុខសង្គមរបស់ថៃកំពុងចេញសំណងដល់អ្នកអត់ការងារធ្វើថ្មីៗនេះក្នុងប្រទេស បន្ទាប់ពី កន្លែងធ្វើការរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ នេះបើតាមអគ្គលេខាធិការរបស់អង្គភាពលោក Suradej Waleeittikul បានអះអាងថ្ងៃពុធ។
កម្មករនិយោជិតរាប់ម៉ឺននាក់បានប្រែក្លាយជាអត់ការងារធ្វើដោយសារតែគ្រោះមហន្តរាយទឹកជំនន់ក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ ។
លោក Suradej បានថ្លែងថាការសងជំងឺចិត្តនេះត្រូវបានផ្តល់ឲ្យដោយការិយាល័យរបបសន្តិសុខសង្គមផ្អែកលើលក្ខខណ្ឌដែលថាបណ្តាកម្មករនិយោជិតអត់ការងារត្រូវបានគេផ្តល់សិទ្ធិឲ្យទទួលគុណប្រយោជន៍នៃរបបសន្តិសុខសង្គមខណៈនិយោជករបស់ពួកគេគឺមិនអាចបង់ថ្លៃប្រាក់ឈ្នួលដល់ពួកគេបានឡើយដោយសារតែខាតបង់ព្រោះទឹកជំនន់។
បរិមាណនៃសំណងនេះដែរគឺស្មើនឹងពាក់កណ្តាលនៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់កម្មករនិយោជិតហើយនឹងត្រូវបានផ្តល់ឲ្យត្រឹមតែរយៈពេលអតិបរមា១៨០ថ្ងៃប៉ុណ្ណោះ ។
ម្យ៉ាងនេះគឺជាលើកដំបូងហើយសម្រាប់ថៃក្នុងការផ្តល់ឲ្យនូវសំណងដល់អ្នកទទួលបានរបបសន្តិសុខសង្គមដែលរងផលប៉ះពាល់ពី គ្រោះមហន្តរាយធម្មជាតិ។
អ្នកភូមិចំនួន៧៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់កាលពីខែមុននេះក្នុងតំបន់ភាគខាងត្បូងហើយមនុស្សជិត១លាននាក់ទៀតរងផលប៉ះពាល់។ ហើយអ្នកមួយចំនួនត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពខណៈដំណាំកៅស៊ូនិងដូងរបស់ពួកគេបានរងការខាតបង់។
គួរបញ្ជាក់ថាតំបន់ដែលរងការវាយប្រហារដោយទឹកជំនន់ក្នុងភាគខាងត្បូងប្រទេសថៃរួមមានតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក ភូកេត ក្រាប៊ី និងស៊ូរ៉ាត់ ថានី ។