Saturday, July 27, 2024
Homeព័ត៌មានជាតិសហការីសម រង្ស៊ី ថារាជរដ្ឋាភិបាលកម្ពុជា កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ ប្រឈមការដួលរលំ

សហការីសម រង្ស៊ី ថារាជរដ្ឋាភិបាលកម្ពុជា កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ ប្រឈមការដួលរលំ

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងជួបវិបតិ្តហិរញ្ញវត្ថុធ្ងន់ ប្រឈមនឹងការដួលរលំ ដោយខ្វះថវិកាសម្រាប់ចាយវាយនិងអភិវឌ្ឍន៍ ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ថា “រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយរឹតបន្តឹងការផ្តល់ថវិកាដល់ថ្នាក់ឃុំ សង្កាត់ និងឲ្យឃុំ សង្កាត់ ផ្អាករាល់ការអភិវឌ្ឍន៍និងចំណាយផ្សេងៗដែលមិនចាំបាច់។ ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដោយសារការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា និងអំពើពុករលួយជាប្រព័ន្ធ ជាកត្តានាំឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយខ្វះថវិកាសម្រាប់ចាយវាយនិងអភិវឌ្ឍន៍ ហើយកត្តានេះ អាចនាំរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដួលរលំនៅថ្ងៃណាមួយ។ វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះហើយ ទើបរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គប់គិតជាមួយឧកញ៉ា និងគ្រូជោគជ័យ បោកប្រាស់ពលរដ្ឋ និងគប់គិតជាមួយឧក្រិដ្ឋជនចិន ដូចជាលោក ចេន ហ្ស៊ី និងឈ្មួញឈើ លោកទ្រី ភាព ដើម្បីបានថវិកាទ្រទ្រង់រដ្ឋាភិបាល និងរក្សាអំណាចតពូជ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ថា ការរឹតបន្តឹងក្នុងការផ្ដល់ថវិកាដល់ថ្នាក់ក្រោមជាតិ ហើយនិងឲ្យឃុំ-សង្កាត់ ផ្អាករាល់ការអភិវឌ្ឍ និងចំណាយផ្សេងៗដែលមិនចាំបាច់ហ្នឹង ជាសញ្ញាប្រកាសអាសន្នថា ចរន្តសេដ្ឋកិច្ចកម្ពុជា ទាំងមូល ដំណើរការលែងល្អប្រសើរហើយ ។ ប៉ុន្តែយ៉ាងណា លោកថា ប្រសិនបើរដ្ឋាភិបាលដួលរលំ វាសនាខ្មែរ ប្រាកដជាល្អប្រសើរ ព្រោះមានរដ្ឋាភិបាលថ្មី មកជំនួស ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! យើងឃើញលិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហ្នឹងហើយ បានបញ្ជាក់ថា រដ្ឋាភិបាល កំពុងតែជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរហើយ អាចឈានទៅដល់ការដួលរលំផងដែរ នៅពេលដែលរដ្ឋាភិបាលហ្នឹង បានរឹតបន្តឹងការផ្ដល់ថវិកាទៅដល់ថ្នាក់ក្រោមជាតិ ហើយនិងមិនឲ្យថ្នាក់ក្រោមជាតិហ្នឹង អភិវឌ្ឍអ្វីមិនចាំបាច់ ឬក៏ចំណាយដែលមិនចាំបាច់ហ្នឹង ដោយសារតែរដ្ឋាភិបាល ខ្វះថវិកាហ្នឹងឯង ដោយសារតែមានទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដូចជាសហភាពអឺរ៉ុប ផ្ដាច់ប្រព័ន្ធការអនុគ្រោះ EBA ចំនួន២០% សហរដ្ឋអាមេរិក មិនបានផ្ដល់ការអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជា ជាដើម ហើយរោងចក្របិទទ្វារច្រើន កម្មករអត់មានការងារធ្វើ ។ ដល់អ៊ីចឹង ការបង់ពន្ធចូលរដ្ឋហ្នឹង ក៏អត់មានច្រើននោះដែរ ហើយដោយសារតែអំពើពុករលួយជាប្រព័ន្ធនៅកម្ពុជា ផង អាហ្នឹងវាបូកផ្សំគ្នា ។ មានន័យថា អំពើពុករលួយជាប្រព័ន្ធ បូកនឹងវិបត្តិសេដ្ឋកិច្ច បូកនិងទណ្ឌកម្មពីសហគមន៍អន្តរជាតិ វាធ្វើឲ្យថវិការបស់ជាតិហ្នឹង មានតិចតួច មានន័យថា កំពុងជួបវិបត្តិហិរញ្ញវត្ថុ ។ និយាយទៅ ការរឹតបន្តឹងក្នុងការផ្ដល់ថវិកាដល់ថ្នាក់ក្រោមជាតិ ហើយនិងឲ្យឃុំ-សង្កាត់ ផ្អាករាល់ការអភិវឌ្ឍអីហ្នឹង ហើយនិងចំណាយផ្សេងៗដែលមិនចាំបាច់ហ្នឹង វាជាសញ្ញាប្រកាសអាសន្នថា ចរន្តសេដ្ឋកិច្ចកម្ពុជា ទាំងមូលហ្នឹង ដំណើរការលែងល្អប្រសើរហើយ ។ មានន័យថា ចរន្តសេដ្ឋកិច្ចទាំងមូលហ្នឹង ដំណើរការរដិបរដុប រអាក់រអួល មានន័យថា កន្លែងខ្លះគឺលែងដំណើរការតែម្ដង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “យ៉ាងណា ប្រសិនបើរដ្ឋាភិបាល ដួលរលំ វាសនាខ្មែរ ប្រាកដជាល្អប្រសើរ ព្រោះមានរដ្ឋាភិបាលថ្មី ដែលមិនដឹកនាំដោយត្រកូលហ៊ុន ដឹកនាំដោយគណបក្សប្រជាជនហ្នឹង ប្រាកដជាអាចស្ដារសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើន ស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស អ្នកវិនិយោគទុន ក៏មកច្រើន ទណ្ឌកម្មអន្តរជាតិ ក៏លែងមាន អំពើពុករលួយ ក៏កាត់បន្ថយ ប្រព័ន្ធតុលាការ ក៏យុត្តិធម៌ ។ អ៊ីចឹងគឺល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងមានវាសនាដូចប្រទេសជិតខាង ដូចប្រទេសថៃ ប្រទេសវៀតណាម អី ឃើញរដ្ឋាភិបាលថៃ គេឡើងកាន់អំណាចភ្លាមហ្នឹង គេមិនឲ្យរាស្រ្តគេបង់សងលុយទៅធនាគារ រយៈពេល៣ឆ្នាំ ។ ដូច្នេះវាអាចនឹងមានវាសនាល្អប្រសើរដូចប្រទេសថៃ ជាដើម ។ ពោលគឺបើមានរដ្ឋាភិបាលថ្មី មកជំនួសហ្នឹង ប្រាកដជាអាចស្ដារសេដ្ឋកិច្ចឡើងវិញបាន ហើយរដ្ឋាភិបាលហ្នឹងគឺប្រាកដជារដ្ឋាភិបាលដែលកើតចេញពិការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ គឺលែងមានទណ្ឌកម្មពីសហគមន៍អន្តរជាតិ បំបាត់អំពើពុករលួយ ហើយកម្ពុជា នឹងអាចស្ដារមុខមាត់នៅលើឆាកអន្តរជាតិ ។ ពេលហ្នឹង ប្រទេសលោកសេរីអីហ្នឹង គឺនឹងមកបណ្ដាក់ទុនបន្ថែមទៀត ភ្ញៀវទេសចរ ក៏មកច្រើន អ៊ីចឹងយើងអាចស្ដារសេដ្ឋកិច្ចយើងល្អប្រសើរឡើងវិញ“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ខាងលើនេះ លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ថា មិនមែនលើកទី១ ទេ ដែលលោកឮការវាយតម្លៃបែបនេះ ពីក្រុមប្រឆាំង ហើយលោកអត់មានអីតបតទេ ព្រោះបើសិនជាដួលរលំ គឺដួលរលំ តាំងពីបួនដប់ឆ្នាំមុន ដែលមានការវាយតម្លៃមកម្ល៉េះ ។ ម្យ៉ាងទៀត ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាទូទៅ វារមែងមានការប្រុងប្រយ័ត្ន ប្រទេសណាក៏ដូចប្រទេសណាដែរ ពេលដែលយើងព្យាករមើលអំពីស្ថានភាពចំណូល ចំណាយ ជាយន្តការទូទៅ ដែលហៅថា នយោបាយសេដ្ឋកិច្ច ។

លោកមាស សុខសេនសាន បានមានប្រសាសន៍ថា “ដូចជាអត់មានអីប្លែកផង ។ មានន័យថា ខ្ញុំឮអាហ្នឹងឡើងចង់ស្ពឹកត្រចៀកហើយ ហើយជាទូទៅ ជាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាទូទៅ វារមែងយើងមានការប្រុងប្រយ័ត្ន ជាយន្តការប្រុងប្រយ័ត្ន ប្រទេសណាក៏ដូចប្រទេសណាដែរ ពេលដែលយើងព្យាករមើលអំពីស្ថានភាពចំណូល ចំណាយ អាហ្នឹងជាយន្តការទូទៅ ដែលគេហៅថា នយោបាយសេដ្ឋកិច្ច ។ អ៊ីចឹងខ្ញុំអត់មានអីនេះផង ហើយគាត់ទៅអានទ្រឹសី្ដនេះទៅ អាហ្នឹងជាការអនុវត្តជាទូទៅ គ្រប់ប្រទេសដែលយើងប្រើនយោបាយសេដ្ឋកិច្ច ហើយនិងរបៀបជានវានុវត្ត អ៊ីចឹងដូចអត់មានអីទេ ។ និយាយទៅ ដូចខ្ញុំបានបញ្ជាក់អម្បាញ់មិញហើយថា មិនមែនលើកទី១ទេ ដែលខ្ញុំឮការវាយតម្លៃបែបនេះ ហើយខ្ញុំអត់មានអីតបតទេ ព្រោះបើសិនជាដួលរលំ ដួលរលំតាំងពីបួនដប់ឆ្នាំមុន ដែលយើងមានការវាយតម្លៃមក ។ សរុបទៅ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យើងដូចអត់មានអីបារម្ភផង នេះជាយន្តការទូទៅ ដែលអនុវត្តធម្មតា នៅពេលដែលយើងគ្រប់គ្រងចំណាយ ហើយការប្រុងប្រយ័ត្នរបស់រដ្ឋាភិបាល ហើយនិងប្រសិទ្ធភាពចំណាយ គឺយើងអនុវត្តទូទៅហើយ ជាឧត្ដមានុវត្តជាតិផង អន្តរជាតិផង ដែលយើងប្រើ“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកអ៊ុំ សំអាន សហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ខាងលើនេះ បានធ្វើឡើងក្រោយពេលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសារាចរ ស្ដីពីការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលដាក់ចេញនូវវិធានការ ៦ចំណុច រួមមាន កាត់ព្យួរទាំងស្រុងការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ជាដើម ។

សារាចរ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ០០៥ សហវ.សរអបក ចុះថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ មានខ្លឹមសារថា “ក្នុងស្មារតីនៃការគ្រប់គ្រងឥវិកាប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងបន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ ដោយផ្អែកលើស្ថានភាពនៃការអនុវត្តចំណូល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ និងស្ថានភាពនៃតម្រូវការផ្នែកចំណាយរហូតដល់ដំណាច់ឆ្នាំ២០២៤ និងផ្អែកលើមាត្រា ៨២ថ្មី នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្អែកតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមដាក់ចេញនូវវិធានការវិចារណកម្មចំណាយថវិកា និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដូចខាងក្រោម ៖

១. កាត់ព្យួរទាំងស្រុងការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អាករាល់គម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ ឬពាក់ព័ន្ធទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធនេះ។

២. កាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៥ (ប្រាំ) រួមមាន រាជនីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ដូចមានក្នុងតារាងឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។ ផ្អែកលើតួលេខវិចារណកម្ម រដ្ឋបាលរាជធានី ខេត្តសាមីទាំង៥ (ប្រាំ) ត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និង/ឬផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញាចំណាយដែលបានកាត់ព្យួរ និងទៅតាមកម្មវិធីអនុកម្មវិធី និងចង្កោមសកម្មភាពដែលពាក់ព័ន្ធតាមការចាំបាច់ ហើយត្រូវផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ) ដើម្បីពិនិត្យនិងសម្រេច យ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

៣. រដ្ឋបាលខេត្តដទៃទៀត ក្រៅពីរដ្ឋបាលរាជធានី ខេត្ត ទាំង៥ (ប្រាំ) ខាងលើ ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្ត ត្រូវតម្រឹមឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

៤. រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ ទៅតាមស្ថានភាព ចំណូលជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

៥. រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូលនិងប្រើប្រាស់អតិរេកថវិកាឆ្នាំ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត។

៦. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តការប្រមូលចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងពិនិត្យលទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមលទ្ធភាពចំណូលដែលប្រមូលបានជាក់ស្តែង ដោយផ្តោតការយកចិត្តទុកដាក់លើចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

            ក្រោយទទួលបានសារាចរនេះ សូមឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត, លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ“ ៕ កុលបុត្រ 

RELATED ARTICLES