កូរ៉េខាងជើង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអរគុណមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង រដ្ឋធានីនៃប្រទេសកូរ៉េខាងជើង ជាលើកដំបូង ក្នុងរយៈពេល២៤ឆ្នាំ មុនពេលប្រមុខដឹកនាំរុស្ស៊ី រូបនេះ នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម ជាប្រទេសបន្ទាប់។

ប្រធានាធិបតី ពូទីន បានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង តបតាមការអញ្ជើញរបស់លោក គីម ជុងអ៊ុន បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងកាន់តែជិតស្និទ្ធ ចាប់តាំងពីប្រធានាធិបតី ពូទីន បានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោក គីម ជុងអ៊ុន បានប្រារព្ធពិធីបដិសណ្ឋារកិច្ចជាផ្លូវការសម្រាប់ប្រធានាធិបតី ពូទីន នៅខាងក្រៅសាលប្រជុំអប់រំប្រជាជន ទីក្រុងព្យុងយ៉ាង ជាមួយនិងប្រជាជនកូរ៉េខាងជើង រាប់ពាន់នាក់ បានគ្រវីទង់ជាតិ ដើម្បីស្វាគមន៍មេដឹកនាំរុស្ស៊ី ក្នុងការស្វាគមន៍យ៉ាងមហោឡារិក ហើយបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោក ពូទីន និងលោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាយ៉ាងរីករាយ។

ប្រធានាធិបតី ពូទីន បានមកដល់ទីក្រុងព្យុងយ៉ាង នៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោក គីម ជុងអ៊ុន ដែលបានមកស្វាគមន៍គាត់នៅព្រលានយន្តហោះ ហើយមេដឹកនាំទាំងពីរ បានឱបគ្នាទៅវិញទៅមកដោយអំណរ ដោយមានឆ្មាំកិត្តិយស តម្រង់ជួរដើម្បីស្វាគមន៍លោកពូទីន និងគីម ជុងអ៊ុន។ បន្ទាប់មកមេដឹកនាំប្រទេសតាំងពីរ បានធ្វើដំណើរទៅកាន់វិមានព្រះអាទិត្យ Kumsusan ដែលប្រើជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវជាតិ ជាមួយនឹងក្បួនរថយន្តអមដំណើរ។បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៉ី លោកវ៉្លាឌីមៀរ ពូទីន បន្តធ្វើទស្សនកិច្ចនៅវៀតណាម និងប្រទេសអាស៊ាន ជាបន្តបន្ទាប់ ចន្លោះថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៤៕

