សេអ៊ូល (កូរ៉េខាងត្បូង) ៖ អគ្គិភ័យបានឆាបឆេះរោងចក្រអាគុយ មួយកន្លែង នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល បានបណ្តាលឲ្យកម្មករយ៉ាងតិច ម្នាក់ស្លាប់ ហើយជោគវាសនាកម្មករប្រមាណ ២១នាក់ទៀត ដែលបាត់ខ្លួន នៅមិនទាន់ដឹងនៅឡើយទេ។

តាមប្រភព CNA បានរាយការណ៍ថា តាមប្រភពមន្ត្រីកូរ៉េខាងត្បូង គ្រោះអគ្គិភ័យដ៏ធំនេះ បានកើតឡើងនៅរោងចក្រអាគុយ លីចូម ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍បឋម បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ ហើយ ២១នាក់ទៀត កំពុងបាត់ខ្លួន ខណៈដែលភ្លើងបានបន្តរាលដាលរោង ចក្រអាគុយ និងថ្មពិល ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Aricell ដែលជាក្រុមហ៊ុនផលិតអាគុយ និងថ្មពិលថ្មដ៏ ធំរបស់កូរ៉េខាងត្បូង មានទីតាំងនៅតំបន់វ៉ាសឹង (Hwaseong) ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។

ការិយាល័យអគ្គិភ័យ និងគ្រោះមហន្តរាយខេត្តក្យុងជី (Gyeonggi) បានបញ្ជាក់ពីការស្លាប់របស់បុរសអាយុ ៦០ឆ្នាំម្នាក់ និងមនុស្ស ២១នាក់ នៅតែបាត់ខ្លួននៅក្នុងអគ្គិភ័យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣១នាទីព្រឹក ម៉ោងក្នុងស្រុក ។ សព្វថ្ងៃនេះ មានបុគ្គលិកសរុបចំនួន ៦៧នាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រកើតហេតុ។
មន្ត្រីពន្លត់អគ្គិភ័យ នៅតែមិនអាចចូលទៅខាងក្នុង និងធ្វើប្រតិបត្តិការជួយសង្គ្រោះបាន ហើយនឹងចាត់វិធានការភ្លាមៗ នៅពេលដែលអគ្គិភ័យស្ថិតនៅក្រោមការគ្រប់គ្រងបាន។

នេះបើតាមមន្ត្រីពន្លត់អគ្គិភ័យ ឲ្យដឹងថា ជនរងគ្រោះម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីគាំងបេះដូង។ ចំណែកកម្មករម្នាក់ទៀតរងរបួសធ្ងន់ និងមនុស្សពីរនាក់ទៀតបានរងរបួសស្រាល។
តាមរូបភាពដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានបង្ហាញពីពពកផ្សែងពណ៌ប្រផេះ បានហក់កញ្ជ្រោលខ្មួលខ្មាញ់ ឡើងទៅលើមេឃ នៅពីលើរោងចក្រកើតហេតុ ជាមួយនឹងអណ្តាតភ្លើងពណ៌ទឹកក្រូច នៅខាងក្នុងអាគារ ខណៈនោះ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង បាននៅខាងក្រៅ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សឹកយឹល (Yoon Seok-yeol) ចេញបញ្ជាបន្ទាន់ ដោយការជូនដំណឹងអំពីការចល័តបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដើម្បីពន្លឿនការស្វែងរកនិងជួយជនរងគ្រោះ រួមទាំងការធានាសុវត្ថិភាពរបស់អ្នកពន្លត់អគ្គិភ័យ ខណៈដែលអណ្តាតភ្លើង បានរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុនៃការឆេះនេះនៅឡើយទេ ។

មន្ត្រីម្នាក់ មកពីប៉ុស្តិ៍ប៉ូលិស វ៉ាសឹង បាននិយាយថា មានអាគុយ យ៉ាងហោចណាស់ ៣៥ ០០០គ្រាប់ នៅខាងក្នុងរោងចក្រ ដែលមួយចំនួនបានឆេះ បណ្តាលឱ្យមានការផ្ទុះ៕