កាតារ ៖ ក្រុមហ៊ុនអាកាសចរណ៍ កាតារ (Qatar Airways) បានវ៉ាដាច់អតីតជើងឯកក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ល្អជាងគេបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៤ ។

Skytrax ដែលជាអង្គការដ៏ល្បីល្បាញលើពិភពលោក នៅក្នុងការវាយតម្លៃគុណភាពសេវាកម្មក្រុមហ៊ុនអាកា សចរណ៍ជុំវិញពិភពលោក បានស្ទង់មតិរបស់អ្នកដំណើររាប់លាននាក់ មកពីជុំវិញពិភពលោក ហើយបានប្រ កាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ល្អជាងគេបំផុតក្នុងពិភពលោក សម្រាប់ឆ្នាំ២០២៤ (World Airline Awards 2024)។

Qatar Airways បានឈ្នះពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ ២០២៤ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) គឺជាអ្នកការពារជើងឯកកាលពីឆ្នាំមុន ធ្លាក់មកចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយក្រុមហ៊ុនអាកាសចរណ៍អេមីរេតស៍ (Emirates Airlines ) ចំណាត់ថ្នាក់លេខ៣ ហើយក្រុមហ៊ុនអាកាសចរណ៍ អាណា អល នីពផុន (ANA All Nippon Airways) របស់ជប៉ុន ចំណាត់ថ្នាក់លេខ៤ និងក្រុមហ៊ុនអាកាសចរណ៍ កាថេយ៍ ប៉ាស៊ីហ្វិក (Cathay Pacific Airways) ជាប់ចំណាត់ថ្នាក់ទី៥។

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ បាងកក (Bangkok Airways) របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី២៧ លើសពីនេះ “Bangkok Airways” ក៏បានឈ្នះពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ល្អបំផុតក្នុងពិភព លោកផងដែរ សម្រាប់ឆ្នាំទី៨ ជាប់ៗគ្នា។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) ជាប់ចំណាត់ថ្នាក់ទី៣៣ មានភាពប្រសើរឡើងពីចំណាត់ថ្នាក់លេខ៤០0 កាលពីឆ្នាំមុន។

ការប្រកាសរង្វាន់នេះ ត្រូវបានផ្អែកលើចំណាត់ថ្នាក់សរុបនៃក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០០ ដែលវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ជាង ៣៥០ ជុំវិញពិភពលោក ដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩៩៕