ប្រទេសរុស្ស៉ី ៖ អាជ្ញាធររុស្ស៊ី បានបញ្ជាក់ថា សេវារថភ្លើងដឹកអ្នកដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង នឹងដំ ណើរការឡើងវិញ នៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបិទដំណើរការដោយសារការរីករាលដាលនៃជំងឺកូវី-១៩ អស់រយៈពេល ៤ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ដោយដកស្រង់ព័ត៌មានពីលោក អូឡេក កូសេមយ៉ាហ្គោ (Oleg Kosemyago) អភិបាលនៃដែនដីព្រីម័រស្គី ( Primorsky) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី បានថ្លែងថា រុស្ស៊ី នឹងបន្តសេវារថភ្លើងដឹកអ្នកដំណើរទៅកាន់កូរ៉េខាងជើង ក្នុងខែកក្កដា ខាងមុខនេះ បន្ទាប់ពីបានផ្អាកការផ្តល់សេវាប្រមាណ ៤ឆ្នាំ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

តាមប្រភព channelnewsasia បានឲ្យដឹងថា រថភ្លើងនេះ នឹងរត់ដោយផ្ទាល់ពីទីក្រុង វ៉្លាឌីវ៉ូស្តូក (Vladivostok) ប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ រ៉ាជីន (Rajin) របស់កូរ៉េខាងជើង។ ចំណុចលេចធ្លោគឺស្ថិតនៅលើទេសភាពរវាងសងខាងផ្លូវ ដែលពោរពេញដោយធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាត។ គេសង្ឃឹមថា ការបើកសេវារថភ្លើងរវាងប្រទេសទាំងពីរ នឹងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ហើយក៏មានតួនាទីជាបណ្តាញបញ្ជូនពលករកូរ៉េខាងជើង ទៅធ្វើការនៅប្រទេសរុស្ស៊ី ផងដែរ។
ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលនាំឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិ ធ្វើឱ្យរុស្ស៊ី ងាកមកបង្កើតមិត្តជាមួយបណ្តាប្រទេសនៅអាស៊ី និងអាហ្វ្រិកជំនួសវិញ ដោយសង្ឃឹមថា នឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងកសាងទំនាក់ទំនងការទូត។
ប្រធានាធិបតីរុស្ស៉ី លោកវ៉្លាឌីមៀរ ពូទីន ទើបតែធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង កាលពីសប្តាហ៍មុន។ នេះជាដំ ណើរទស្សនកិច្ចលើកដំបូងរបស់គាត់ ចាប់តាំងពីឆ្នាំ២០០០ ហើយគាត់បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជា មួយកូរ៉េខាងជើង។ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី រួមបញ្ចូលទាំងការប្តេជ្ញាចិត្តដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងទូទៅ៕