ប្រទេសបូលីវី ៖ ទាហានឧទ្ទាមមួយក្រុម បានព្យាយាមធ្វើរដ្ឋប្រហារ ដើម្បីដណ្តើមអំណាចពីប្រធានាធិបតីបូលីវី ប៉ុន្តែត្រូវបានបរាជ័យ ហើយមេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ៍ ជូន ចូសេ ហ្សូនីហ្គា ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីដណ្តើមយកវិមានប្រធានាធិបតី បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ក្រុមឧទ្ទាម បានប៉ុនប៉ងធ្វើរដ្ឋប្រហារដណ្តើមអំណាចពីប្រធានាធិបតី លុអ៊ីស អាស (Luis Arce) នៃប្រទេសបូលីវី ដោយទាហានមួយក្រុម បានដណ្តើមយកវិមានប្រធានាធិបតី ក្នុងទីក្រុងឡាប៉ា (La Paz) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រួមជាមួយការបញ្ជូនរថពាសដែក និងទាហានជាច្រើន ទៅឈរជើងនៅទីតាំងនោះ។ តំបន់ជុំវិញ Piazza Murillo នៅឡាប៉ាស គឺជាអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន។

ឧត្តមសេនីយ៍ ជូន ចូសេ ហ្សូនីហ្គា (Juan Jose Zuniga) មេដឹកនាំយោធាឧទ្ទាម និងជាមេដឹកនាំរដ្ឋប្រហារ ត្រូវបានប៉ូលិសបូលីវី ចាប់ខ្លួន តែប៉ុន្មានម៉ោង ក្រោយរដ្ឋប្រហារមិនបានសម្រេច។
ឧត្តមសេនីយ៍ ជូន ចូសេ ហ្សូនីហ្គា បានលើកឡើងពីមូលហេតុនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះថា ចង់កែ លម្អរចនាសម្ព័ន្ធប្រជាធិបតេយ្យក្នុងប្រទេសបូលីវី៕
