សហរដ្ឋអាមេរិក ៖ សកម្មភាពរបស់លោក ចូ បៃដិន (Joe Biden) ក្នុងការជជែកដេញដោលលើកទីមួយ នៅតែជះឥទ្ធិពលយ៉ាងធ្ងន់ ដោយក្រុមអ្នកប្រជាធិបតេយ្យ បានអំពាវនាវឱ្យគាត់ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី ជាលើកទីពីរ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា លោករ៉ាអ៊ូល ហ្គ្រីយ៉ាលវ៉ា (Raul Griyalva) សមាជិកសភារដ្ឋអារីហ្សូណា (Arizona) មានទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យ បានចេញមកទាមទារនៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឱ្យលោកចូ បៃដិន (Joe Biden) ដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ។
ការទាមទារបែបនេះ កើតឡើងបន្ទាប់ពីគេបានសង្កេតឃើញជំហរទន់ខ្សោយរបស់លោក ចូ បៃដិន នៅក្នុងកិច្ចពិភាក្សាលើកដំបូង កាលពីសប្តាហ៍មុន។ កត្តានេះ បានធ្វើឲ្យមានការព្រួយបារម្ភថា តើគាត់នឹងអាចបំពេញភារកិច្ចបានឬអត់ នៅពេលជាប់ឆ្នោតប្រធានាធិបតី អាណត្តិក្រោយទៀត។
មានការជជែកវែកញែកថា នៅពេលនោះ លោក ចូ បៃដិន ហាក់ដូចជាទន់ខ្សោយ និងគ្មានថាមពល សំឡេងរបស់គាត់ញ័រ ពេលខ្លះរហូតដល់មិនអាចនិយាយបាន។ វាបានធ្វើឱ្យខូចមុខមាត់របស់គាត់យ៉ាងធ្ងន់ធ្ងរ ក្នុងនាមជាអ្នកដឹកនាំ រហូតដល់មាននិន្នាការនៅក្នុងគណបក្សប្រជាធិបតេយ្យនោះ គួរតែស្វែងរកបេក្ខជនតំណាងគណ បក្សផ្សេងទៀត ជំនួសរដ្ឋបុរសអាយុ៨១ឆ្នាំ ម្នាក់នេះ? ទោះបីជាលោក ចូ បៃដិន តែងតែបញ្ជាក់យ៉ាងថា គាត់នឹងមិនដកថយទេ ហើយមិនអនុញ្ញាតឲ្យអ្នកណាមកជំនួសគាត់ឡើយក៏ដោយ។
ជាមួយគ្នានេះ លោក ឡយ ដូហ្គេត (Lloyd Doggett) សមាជិកសភាគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋតិចសាស់ ដែលជាប្រធានសភា រយៈពេលជិត ៣០ឆ្នាំ ក្លាយជាអ្នកប្រជាធិបតេយ្យដំបូងគេ ដែលអំពាវនាវឱ្យលោក ចូ បៃដិន ដកខ្លួនចេញពីការប្រកួតប្រជែងប្រធានាធិបតី។
លោកដូហ្គេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចូ បៃដិន បានបរាជ័យក្នុងការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនជាច្រើន ប្រកបដោយប្រសិទ្ធភាព និងបរាជ័យក្នុងការលាតត្រដាងការភូតកុហកជាច្រើន របស់លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលជជែកដេញដោលកាលពីសប្តាហ៍មុន ហើយថ្មីៗនេះ លោកហ្គ្រីយ៉ាលវ៉ា (Griyalva) ដែលជាសមាជិកសភា តាំងពីឆ្នាំ២០០៣ បានក្លាយជាសមាជិកសភាប្រជាធិបតេយ្យទីពីរ ដែលអំពាវនាវឱ្យលោកចូ បៃដិន ដកខ្លួន ដោយប្រាប់កាសែត New York Times ថា លោកនឹងគាំទ្រលោកចូ បៃដិន ប្រសិនបើគាត់នៅតែតំណាងឱ្យគណបក្ស ប៉ុន្តែលោកផ្ទាល់យល់ឃើញថា វាដល់ពេលហើយសម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការជ្រើសរើសតំណាងថ្មី ឬបេក្ខជនប្រធានាធិបតីថ្មី ជំនួសលោកចូ បៃដិន៕